(មណ្ឌលគិរី-រតនគីរី)៖ លោក អ៊ូអិណុ អាត់ស៊ូស៉ិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានធ្វើដំណើរទស្សនកិច្ចចុះពិនិត្យគម្រោងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន និងយូអិនឌីភី ក្នុងភូមិភិ ខេត្តរតនគីរី។
ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក អ៊ូអិណុ អាត់ស៊ូស៉ិ បានបន្តធ្វើទស្សនៈកិច្ចលើកដំបូងទៅកាន់ខេត្តមណ្ឌលគិរី និងរតនគីរី និងបានជួបសម្ដែងការគួរសមជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងពិភាក្សាការងារ នាសាលប្រជុំសាលអគារ
Aសាលាខេត្តបន្ទប់ VIP។
នៅក្នុងជំនួបនេះ លោក ញ៉ែម សំអឿន បានអរគុណចំពោះលោក អ៊ូអិណុ អាត់ស៊ូស៉ិ ឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តរតនគិរី។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តលោកបានស្នើឱ្យអ្នកវិនិយោគជប៉ុន មកសិក្សាជាក់ស្តែងដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅខេត្តរតនគិរី។
ជាមួយគ្នានោះ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលផ្តល់ឱកាសឱ្យគណៈប្រតិភូទូតជប៉ុន បានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើន លើគ្រប់វិស័យដែលខេត្តរតនគិរី សម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្រចំពោះមតិលើកឡើងសមិទ្ធផលធំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន៕