(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៣៩ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៨ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ដោយឡែកនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤៩ ពាក្យប្ដឹង។
ជាមួយគ្នានេះកត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ២៣០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១៥នាក់ និងមន្ត្រី ១១៥នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ពាក្យប្តឹងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះស្ថិតនៅក្នុងចន្លោះរវាង៤០ ទៅជាង៥០ ហើយចំនួននេះឃើញថាមិនថយ និងមិនចុះប៉ុន្មានដែរ។ «ពាក្យប្តឹងមួយចំនួនបានតម្រូវឱ្យអ្នកដាក់ពាក្យប្តឹងមកបញ្ជាក់ប្រាប់មូលហេតុ និងមានភស្ថុតាងដាក់បន្ទុកដើម្បីងាយស្រួលក្នុងការធ្វើចំណាត់ការលើជនល្មើសដែលប្រព្រឹត្តិអំពើពុករលួយ»។
ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៥លើក ១៖ ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ ក្រសួងអភិវឌ្ឍជនបទ ដែលរៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងក្រសួងមុខងារសាធារណៈ, ២៖ ការប្រឡង ជ្រើសរើសគ្រូសម្រាប់មត្តេយ្យសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារ សាធារណៈទាំងពីរដំណាក់កាល, ៣៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សម្រាប់បម្រើការនៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ ទាំងពីរដំណាក់កាល។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ ចំនួន៦៤គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២៨អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕