(កំពង់ឆ្នាំង)៖ លោក ឈួន សិរីវិចិត្រ ប្រធានក្លិបរ៉ូតថារី ភ្នំពេញសេនត្រល និងក្រុមការងារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាខេត្តកំពង់ឆ្នាំង នាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់សម្រាប់ជនពិការ ឧបត្ថម្ភដល់ជនមានពិការភាព និងមានជីវភាពខ្វះខាត ចំនួន៩នាក់ ដែលមកពីក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ។
អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ខាងលើនេះ រួមមាន រទេះសម្រាប់ជនមានពិការភាព ចំនួន៦គ្រឿង កង់ចំនួន ១គ្រឿង អង្ករចំនួន៤៥០គីឡូ ទឹកត្រី៩យួរ ទឹកស៊ីអ៊ីវ៩យួរ មីជាតិ៩កេស ទឹកបរិសុទ្ធ ៤៤កេស អាវយឺតចំនួន៣០ ភួយចំនួន៩ និងថវិកាមួយចំនួនទៀតផងដែរ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគ និងរទេះរុញទាំងអស់ខាងលើនេះ គឺជាការឧបត្ថម្ភពីលោក ឈួន សេរីវិចិត្រ ដែលបានយកមកផ្ដល់ជូនដល់ជនមានពិការភាពនិងមានជីវភាពខ្វះខាត តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តកំពង់ឆ្នាំង។
ក្នុងនាមលោកជាប្រធានមន្ទីរ លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកប្រធានក្លឹប និងសប្បុរសជន រួមទាំងក្រុមការងារ ដែលបានចំណាយនូវធនធានទិញគ្រឿងឧបភោគបរិភោគ និងអំណោយជារទេះរុញ និងកង់ជូនដល់បងប្អូនជនពិការដែលមានជីវភាពខ្វះខាតទាំង ៩នាក់៕