(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការហ្វឹកហាត់បន្ថែមលើមុខជំនាញផ្សេងៗ ដើម្បីជួយទ្រទ្រង់ការបំពេញតួនាទីការងារនៅតាមស្ថាប័នឱ្យបានល្អប្រសើរជាងមុន។
លោក យក់ ប៊ុនណា បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលោក លោកស្រី ជាថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមនិងសិក្ខាកាមជាច្រើនរូប។
លោក យក់ ប៊ុនណា បានបញ្ជាក់ដូចនេះថា «កម្មវិធីបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងផ្តល់ជូនសិក្ខាកាមនូវការហ្វឹកហាត់បន្ថែមលើ មុខជំនាញស្ថាប័ននយោបាយ រចនាសម្ព័ន្ធរដ្ឋបាល ភាពជាអ្នកដឹកនាំ នវានុវត្តន៍ ទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងធនធានមនុស្ស ឌីជីថលតាមការចាំបាច់។ ចំណែកសម្រាប់សិក្ខាកាមមន្ត្រីមធ្យមវិញ សាលានឹងផ្តល់ជូននូវ ជំនាញការងារការិយាល័យ រដ្ឋបាល និងបដិសណ្ឋារកិច្ច ការតាក់តែងលិខិតរដ្ឋបាល រចនាសម្ព័ន្ធរដ្ឋបាល នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ និងព័ត៌មានវិទ្យាសម្រាប់កិច្ចការការិយាល័យ»។
លោក យក់ ប៊ុនណា បានបបន្ថែមថា ការរៀបចំកម្មវិធីសិក្សាទាំង២នេះ គឺឈរលើគោលដៅជាសារវន្តនៃទំនើបកម្មរដ្ឋបាលសាធារណៈ ដែលជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អ និងជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាបានថារាល់កិច្ចការសាធារណៈត្រូវបានប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចព្យាករណ៍បាន ដោយត្រូវប្រកាន់ខ្ជាប់នូវការគិតគូរផលប្រយោជន៍សាធារណៈជាធំ។
ជាការពិតការបណ្តុះបណ្តាលមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការបំពេញតួនាទីសំខាន់ៗរបស់រដ្ឋសភា ដោយរួមចំណែកពង្រឹងសមត្ថភាពមន្ត្រី ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ ប្រកបដោយវិន័យ គុណភាព គុណធម៌ និងនវា នុវត្តន៍ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា ការបណ្តុះបណ្តាលគឺមានសារៈសំខាន់ដោយមន្ត្រីរាជការគឺជាជន្ទល់នៃរបបនយោបាយ ដោយនៅខាងលើយើងមានអ្នកនយោបាយ ហើយនៅខាងក្រោមជាអ្នកគាំទ្រ គឺជាជន្ទល់នៃរបបនយោបាយរបស់យើង ដូច្នេះជន្ទល់នេះ ត្រូវតែមានភាពរឹងមាំ។ លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ត្រូវយកចិត្តទុកដាក់ និងខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តន៍នៅអង្គភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនថែមទៀត។
បើតាមរបាយការណ៍ស្វាគមន៍របស់លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងារទទួលបន្ទុកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីជាន់ខ្ពស់ចំនួន ២០នាក់ និងមន្ត្រីមធ្យម ៣៣នាក់ដែលមានគោលបំណងសំខាន់ៗ ដូចជា៖
១៖ លើកកម្ពស់ការអភិវឌ្ឍចំណេះដឹងដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃការងារក្នុងក្របខ័ណ្ឌអភិបាលកិច្ច និងបរិវត្តកម្មរដ្ឋបាលសាធារណៈ ព្រមទាំងការផ្សារភ្ជាប់ នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
២៖ រៀបចំ និងផ្តល់ការបណ្តុះបណ្តាលដោយឡែក ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឱ្យសមស្របទៅនឹងតម្រូវការនៃការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
៣៖ បង្កើនកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនេះ ជាមូលដ្ឋានគ្រឹះនៃបរិវត្តកម្មរដ្ឋបាលសាធារណៈស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕