(ភ្នំពេញ)៖ និស្សិតរបស់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១ក្រុម បានមកឈ្វេងយល់ ពីការត្រៀមខ្លួនរបស់អ្នកផលិតវ័យក្មេងរបស់ខ្មែរ ក្នុងការផលិតភាពយន្តឯកសារ ស្តីពីការប្រណាំងទូកងខ្មែរ និងនំបញ្ចុកខ្មែរ ដើម្បីយកទៅប្រកួតនៅមហោស្រពភាពយន្តមេគង្គច្នៃប្រឌិដ្ឋ នៅខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
ជាក់ស្តែង និស្សិតរបស់មីយ៉ាន់ម៉ា បាននិងកំពុងមកចូលរួមសិក្ខាសាលា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ រៀបចំដោយសាកលវិទ្យាល័យជាតិសិល្បៈ និងវប្បធម៌ (ក្រុងយ៉ង់ហ្គោន) ប្រទេសមីយ៉ាន់ម៉ា, ក្រសួងធម្មការ និងសាសនា ប្រទេសមីយ៉ាន់ម៉ា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងព័ត៌មាន ប្រទេសកម្ពុជា ដោយមានការគាំទ្រថវិកាពីមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF)។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រៅពីក្រុមនិស្សិតមីយ៉ាន់ម៉ា ដែលមកចូលរួមបណ្តុះបណ្តាលការផលិតភាពយន្ត ពាក់ព័ន្ធនឹងវិស័យវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ក៏មានក្រុមនិស្សិតមីយ៉ាន់ម៉ា ចូលរួមសិក្ខាសាលា នៅប្រទេសអនុតំបន់ទន្លេមេគង្គផ្សេងទៀត រួមមាន ឡាវ វៀតណាម និងថៃ ផងដែរ។ ខ្សែភាពយន្តទាំងអស់ ដែលផលិតបាន នឹងយកទៅប្រកួតនៅក្នុងមហោស្រពភាពយន្តមេគង្គច្នៃប្រឌិដ្ឋ នៅប្រទេសមីយ៉ាន់ម៉ា នៅខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដោយសារមីយ៉ាន់ម៉ា ជាអ្នកដាក់គម្រោង និងទទួលបានមូលនិធិពី MKCF ។
បើតាមលោក ប៉ុក បូរក្ស ចំពោះសិក្ខាសាលានៅរាជធានីភ្នំពេញ មាននិស្សិតមកពីមីយ៉ាន់ម៉ា ចំនួន ១០រូប, DMC ៥រូប, មជ្ឈមណ្ឌលបូផាណា ៥រូប និង PSE មាន ៥រូប បូកភាគីពាក់ព័ន្ធទៀត សរុបមាន ៣០រូប។ លោកបានបន្តថា ការផលិតភាពយន្តឯកសារវិញ នឹងធ្វើដោយផលិតករវ័យក្មេងរបស់ខ្មែរ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤។
សូមជម្រាបថា សាកលវិទ្យាល័យជាតិសិល្បៈ និងវប្បធម៌ (យ៉ង់ហ្គោន) នឹងរៀបចំមហោស្រពភាពយន្តមេគង្គច្នៃប្រឌិដ្ឋ ក្រោមមូលបទ «បណ្តុះអ្នកផលិតភាពយន្តឯកសារវ័យក្មេង»។ បេក្ខជនចូលរួម ត្រូវមានអាយុចន្លោះពី ១៨ ទៅ ២៥ឆ្នាំ បានប្រឡងជាប់ថ្នាក់បរិញ្ញាបត្រ, មានជំនាញភាសាអង់គ្លេសសម្រាប់ការធ្វើបទបង្ហាញ និងមានបទពិសោធន៍ក្នុងការបង្កើតភាពយន្ត, ភាពយន្តឯកសារ, ទូរទស្សន៍, MTV និងផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍។
តំណាងឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា សិក្ខាសាលានេះ នឹងធ្វើឲ្យសិក្ខាកាមកាន់តែបានយល់ដឹងបន្ថែមពីវប្បធម៌ និងប្រពៃណីខ្មែរ ជាពិសេសការប្រណាំងទូកង និងនំបញ្ចុក ដើម្បីឲ្យការផលិតភាពយន្តឯកសារកាន់តែទទួលបានលទ្ធផលល្អ៕