(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា មានក្រុមហ៊ុនតែចំនួន៣១៧ប៉ុណ្ណោះ ដែលមានសិទ្ធិសម្របសម្រួលជាមួយនិយោជក ក្នុងការដំណើរការឯកសាររបស់ពលករ ដើម្បីស្នើសុំប័ណ្ណអនុញ្ញាតការងារ (Work Permit) លិខិតអនុញ្ញាតស្នាក់នៅ (Stay Permit) ឬផ្លាស់ប្តូរកន្លែងធ្វើការបានដោយស្របតាមច្បាប់ ប្រទេសថៃ។

ដោយឡែកសម្រាប់បងប្អូននៅកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ សូមចុះឈ្មោះជាមួយទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់របស់កម្ពុជា ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចំនួន ៧៧ក្រុមហ៊ុន (ឧបសម្ព័ន្ធ២) ដែលមានសិទ្ធិសម្របសម្រួលជាមួយក្រុមហ៊ុនថៃ ឬនិយោជក ក្នុងការ ដំណើរការសំណុំឯកសារមុនចេញដំណើរទៅធ្វើការនៅប្រទេសថៃ។

បន្ថែមពីនេះ ក្រសួងសូមក្រើនរំលឹកដល់បងប្អូន កុំចុះឈ្មោះ ឬទៅធ្វើការតាមរយៈបុគ្គល ឬមេខ្យល់ណាមួយ ឬក្រុមហ៊ុន ដែលមិនមានឈ្មោះ ក្នុងឧបសម្ព័ន្ធទាំង២នេះ ជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

ករណីបងប្អូន និងសាធារណជនទាំងអស់ ដែលទទួលបានព័ត៌មានអំពីការឆបោក ឬការកេងប្រវ័ញ្ច កម្លាំងពលកម្ម ឬរងគ្រោះដោយប្រការណាមួយ សូមប្តឹងទៅនាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ តាមរយៈលេខ ១៥០៦ រួចបន្តចុចលេខ ២ ឬ Hotline ១៦៩៤ និងប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា តាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬពិនិត្យមើលបញ្ជីឈ្មោះ ទីភ្នាក់ងារជ្រើសរើសឯកជនដែលមាន នៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (https://www.mlvt.gov.kh) ឬប្រព័ន្ធតាមដាន ពលករទេសន្តរប្រវេសន៍ (https://tracking.ocwc.co)។ ម្យ៉ាងវិញទៀត សាធារណជន ក៏អាចដាក់បណ្ដឹងអនាមិក ដោយ មិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់ ម្ចាស់បណ្ដឹងឡើយតាមរយៈតំណភ្ជាប់ (https://feedback.mlvt.gov.kh) ឬអាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖