(បន្ទាយមានជ័យ)៖ ក្រោយពីថ្ងៃបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ គេសង្កេតឃើញក្នុងរយៈពេល ២ទៅ៣ថ្ងៃ ចុងក្រោយនេះមាន ពលករខ្មែរជាច្រើន បាននាំគ្នាធ្វើដំណើរមកពីតាមបណ្តាខេត្តនានា សម្រុកទៅធ្វើការងារនៅក្នុងប្រទេសថៃវិញ។ ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះទប់ស្កាត់ព្រមទាំងធ្វើការអប់រំ ជាបន្តបន្ទាប់បានចំនួន ១៧២នាក់។
ពលករខ្មែរសរុបចំនួន ១៧២នាក់នេះ បានធ្វើដំណើរបម្រុងឆ្លងដែនទៅប្រទេសថៃ តាមច្រករបៀងទាំងប្រថុយប្រថានខុសច្បាប់ ត្រូវបាននគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១ និងនគរបាលប៉ុស្ថិ៍រដ្ឋបាល ឃុំអូរបីជាន់ ធ្វើការទប់ស្កាត់ មិនឱ្យពលករទាំងនោះ ចាកចេញទៅប្រទេសថៃគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។
ការចុះទប់ស្កាត់ពលករខ្មែរខាងលើ ក្នុងគោលបំណងដើម្បីការពារអាយុជីវិតពលករខ្មែរ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបញ្ចៀសបញ្ហា កុំឱ្យពលករខ្មែររងការបាញ់សម្លាប់ ចាប់ដាក់គុក ធ្វើទារុណកម្ម និងចាញ់បោកមេខ្យល់យកទៅលក់កម្លាំងពលកម្ម ។
សូមជម្រាបថា កាលពីពេលកន្លងទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើលិខិតទៅគណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ ស្នើសុំកិច្ចសហការ ពាក់ព័ន្ធនិងបញ្ហាសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍នៃប្រជាជនថៃ និងកម្ពុជា។ ក្រោយពីគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានទទួលព័ត៌មានច្បាស់ការណ៍ ពីស្ថានការរំលោភសិទ្ធិមនុស្សមកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទ ក្នុងប្រទេសថៃ រួមមានការបង្ខិតបង្ខំឱ្យធ្វើការ និងការបង្ខិតបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តធ្វើការងារដោយគ្មានពេលសម្រាក កម្លាំងនគរបាលទប់ស្កាត់ពលករខ្មែរ បានធ្វើឡើងមានរយៈពេល២ថ្ងៃជាបន្តបន្ទាប់ នៅថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្ត បន្ទាត់ព្រំដែនកម្ពុជា-ថៃ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនឹងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់ភ្នាក់ងារ Fresh News ថា ពលករខ្មែរទាំង១៧២នាក់នោះ ធ្វើដំណើរមកពីខេត្តចំនួន៤ មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។
ពលករខ្មែរបានប្រាប់ថា ពួកគាត់ទៅធ្វើការងារជាកម្មករចម្ការ និងកម្មករសំណង់ ធ្វើដំណើរដោយខ្លួនឯងនិងតាមរយៈបងប្អូនសាច់ញាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ពលករខាងលើក៏ត្រូវបានធ្វើការអប់រំ ឱ្យពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃស្របច្បាប់ ដែលមាន លិខិតស្នាមត្រឹមត្រូវ ហើយបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើដំណើរឆ្លងដែនខុសច្បាប់ ដោយដោះលែងពួកគាត់ឱ្យត្រឡប់ ទៅស្រុកកំណើតវិញទាំងអស់៕