(មណ្ឌលគិរី)៖ ក្រសួងកិច្ចការនារី សហការជាមួយអង្គការ Vital Strategies តាមរយៈគម្រោងទិន្នន័យសម្រាប់សុខភាព (D4H) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានរៀចំការងារស្តីពីការប្រែក្លាយទិន្នន័យ ទៅគោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព ឬហៅថា D2P (Data to Policy) នៅឆ្នាំ២០២៤។
ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី បានដឹកនាំសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ តួនាទី របស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា។
ក្រសួងកិច្ចការនារីបានផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីដែលមានយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ក្នុងនោះមានការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រ និងសុខភាព។
ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយនៃផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ផងដែរ។ ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយចំនួន៥ រហូតបានទទួលជោគជ័យ រួមមាន៖
*ទី១៖ លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
*ទី២៖ ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដើម្បីសង្គ្រោះជីវិតស្រ្តី
*ទី៣៖ កាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ដោយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សម្រាប់ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ១៥-៤៩ឆ្នាំ
*ទី៤៖ ការកាត់បន្ថយផលប៉ះពាល់ និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់
*ទី៥៖ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។
សិក្ខាសាលាថ្ងៃនេះ ពិគ្រោះយោបល់បន្ថែមដោយផ្តោតលើប្រធានបទចំនួន២ គឺ៖ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការកាត់បន្ថយផលប៉ះពាល់ នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។
ក្រុមការងារបានសម្រេចជ្រើសរើសយកខេត្តមណ្ឌលគិរីនេះ សម្រាប់ការផ្សព្វផ្សាយ និងជំរុញការអនុវត្តការងារលើប្រធានបទទាំង២នេះ។ ក្រុមការងារសង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនេះ ជាយន្តការដំបូងសម្រាប់បង្កើនកិច្ចសហការ និងអនុវត្តអនុសាសន៍គោលនយោបាយទាំង២នេះ ជាមួយស្ថាប័នពាក់ព័ន្ធ៕