(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅពេញ១ខែកញ្ញា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍មានកើតឡើងចំនួន ២៧៥ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ ១៣៣នាក់ និង រងរបួសធ្ងន់ស្រាល៤៣៥នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ថ្លែងក្នុងនៅកិច្ចប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន ជំរុញឲ្យក្រុមការងារបន្តជំរុញផ្សព្វផ្សាយ អប់រំច្បាប់ ឲ្យបានទូលំទូលាយតាមគ្រប់រូបភាពឲ្យ ដល់ខ្នងផ្ទះនៅតាមភូមិ ឃុំ ក្រសួង ស្ថាប័ន អង្គភាពនានា គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងបង្កើនការដាក់តាំងបដា ពាក្យស្លោករូបភាពសុវត្ថិភាព ចរាចរណ៍នៅតាមដងផ្លូវឲ្យបានច្រើន និងជំរុញដំណើរការវេទិកាតុមូលទទួលសំណួរពីប្រជាពលរដ្ឋ និងផ្តល់ចម្លើយភ្លាមៗឲ្យមាន ប្រសិទ្ធភាព។
លើសពីនេះ នាយឧត្តមសេនីយ៍បានស្នើឲ្យមានបន្តការរឹតបន្តឹង ត្រួតពិនិត្យការអនុវត្ត ច្បាប់ឲ្យបានជាប់ជាប្រចាំទាំងថ្ងៃទាំងយប់ប្រកប ដោយតម្លាភាព ស្មើភាព ពិសេសត្រូវផ្តោតលើបញ្ហាជាអាទិភាពដែលបង្កគ្រោះថ្នាក់ ដូចជាការបើកបរលើសល្បឿនកំណត់ ស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព សុវត្ថិភាពដឹកជញ្ជូន លក្ខណៈបច្ចេកទេស ។ល។ ការរឹតបន្តឹងត្រូវផ្សារភ្ជាប់ការអប់រំ ការសំដែងឥរិយាបថទន់ភ្លន់ វិន័យថ្លៃថ្នូរ និងភាពម៉ឺងម៉ាត់៕