(សិង្ហបុរី)៖ ករណីថ្មីចំនួន០២ នៃវីរ៉ុស Zika ត្រូវបានគេរាយការណ៍ថា បានកើតឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីរយៈពេល០៣ថ្ងៃជាប់គ្នា នៅក្នុងប្រទសសិង្ហបុរី មិនមានករណីថ្មីនោះទេ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។
គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធ សរុបមាន៤០១ករណីចម្លងក្នុងតំបន់ នៃវីរ៉ុស Zika ត្រូវបានគេបញ្ជាក់ថា បានកើតមាននៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមទិន្នន័យពី គេហទំព័ររបស់ភា្នក់ងារបរិស្ថានជាតិ។
តំបន់បណ្តុំវីរ៉ុស Zika ចំនួន២បន្ថែមទៀត ត្រូវបានបិទនៅថ្ងៃពុធនេះ បណ្តាលឲ្យតំបន់ប្រជុំវីរ៉ុសសំខាន់ Aljunied/Sims Drive តែមួយប៉ុណ្ណោះ នៅក្នុងប្រទេសសិង្ហបុរី ដែលនៅមិនទាន់បិទ។ តំបន់ប្រជុំវីរ៉ុស Elite Terrace និង Sengkang Central ត្រូវបានប្រកាសបិទ បន្ទាប់ពីមិនមានករណីថ្មី ត្រូវបានរាយការណ៍ថា បានកើតមាននៅទីនោះ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។
សូមជម្រាបថា តំបន់ប្រជុំវីរ៉ុស Aljunied/Sims Drive នៅតែបន្តបើក ជាមួយនឹងករណីសរុបចំនួន២៩៨ ដោយ២ករណីបានកើតឡើង កាលពីអំឡុងពេល២សប្តាហ៍មុន៕