(កំពង់ធំ)៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក ថោង ខុន, លោក ថោ ជេដ្ឋា, លោក ហួត ហាក់, លោក នាង ផាត, លោក សួស យ៉ារ៉ា, លោកស្រី ឃួន ឃុនឌី, លោក ស៊ុំ សន្និសិទ្ធ និងលោក នួន ផារ័ត្ន ព្រមទាំងអនុប្រធាន និងសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុង-ស្រុកជាច្រើនរូប។

លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ នេះ ក្នុងបុព្វហេតុបម្រើប្រជាជន និងការដោះស្រាយជីវភាពរបស់ប្រជាជន ជាពិសេសការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សមិទ្ធផលទាំងនេះ បានបន្តបង្កើន និងពង្រឹងជំនឿជឿជាក់របស់ប្រជាជនខេត្តកំពង់ធំមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានបន្តពង្រឹងសន្តិភាព, ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន។

លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ, ចិត្ត, ស្មារតី និងធនធានផ្ទាល់ខ្លួន ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងរយៈពេល ៩ខែ កន្លងមក។

ឈរលើមូលដ្ឋាននេះ លោក វង្សី វិស្សុត បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន និងដណ្តើមសន្លឹកឆ្នោតជូនគណបក្ស ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកំពង់ធំទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតលើការដ្ឋានចំនួន ៣៖

* ទី១៖ ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម ដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូលដ្ឋាននៃជំនឿទុកចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។

* ទី២៖ ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ និងសីលធម៌, ការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទាំងរបបប្រជុំ, របបរាយការណ៍ និងត្រួតពិនិត្យ។ ទន្ទឹមនេះ ជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសលើយុវជន ដែលជាកម្លាំងបន្តវេន និង

* ទី៣៖ ការទប់ស្កាត់ និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន។ ទន្ទឹមនេះ ត្រូវខិតខំផ្សព្វផ្សាយ ឃោសអប់រំ ពន្យល់ និងធ្វើប្រតិកម្មរហ័ស ដើម្បីទប់ស្កាត់ប្រជាជនកុំចាញ់បោកការអូសទាញ ការញុះញង់ និងការមួលបង្កាច់របស់ក្រុមអគតិនានា ហើយមិនត្រូវទុកឱ្យមានលំហរដល់ពួកនេះធ្វើសកម្មភាព និងស៊ីឡាកបានឡើយ។

លោក វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធការងារពង្រឹង និងកសាងគណបក្ស ដូចជា ការសាងសង់ទីស្នាក់ការគណបក្សឱ្យបានសមរម្យនិងអាចឆ្លើយតបទៅបាននឹងតម្រូវការការងារគណបក្ស, ការរៀបចំមូលនិធិក្រុមការងារនៅគ្រប់កម្រិត ដើម្បីជួយទ្រទ្រង់ដល់គណបក្សមូលដ្ឋានឱ្យមានធនធាននៅក្នុងដៃសម្រាប់បំពេញការងារ, ការរៀបចំក្រុមការងារសម្របសម្រួលនិងទទួលបន្ទុកកិច្ចការយុវជន និងក្រុមការងារទទួលបន្ទុកកិច្ចការសង្គម គ្រូពេទ្យ និងគ្រូបង្រៀន ព្រមទាំងក្រុមការងារទទួលបន្ទុកកិច្ចការសាធារណៈមតិជាដើម។

លោកក៏បានផ្តល់នូវការតម្រង់ទិស និងការគិតគូរជាយុទ្ធសាស្រ្តមួយចំនួនផងដែរ ដោយផ្អែកលើរបាយការណ៍វឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន, ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលចែកចេញជា ៤ ផ្នែកបន្ថែមទៀត គឺក្រុមការងារផែនការសេដ្ឋកិច្ច, ផែនការកសិ-ឧស្សាហកម្ម, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ និងក្រុមការងារទីផ្សារនិងលើកស្ទួយផលិតផលខ្មែរ។

លោកបានជំរុញឱ្យក្រុមការងារពន្លឿនបញ្ចប់ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឱ្យបានឆាប់ និងការរៀបចំកម្មវិធីផ្សេងៗ ដោយផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ ដូចជាការប្រណាំងទូកនៅសប្តាហ៍ក្រោយនេះជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរឱ្យចូលមកលេងកំពង់ធំឱ្យបានច្រើន និងកុំឱ្យកំពង់ធំគ្រាន់តែជាកន្លែងដែលគេឆ្លងកាត់ ហើយទៅហួស មកហួស។ លោកបានគូសបញ្ជាក់ថា ការគិតគូររៀបចំកិច្ចការទាំងប៉ុន្មានខាងលើនេះ ពិតជានឹងជួយប្រែក្លាយមុខមាត់កំពង់ដែលជាខេត្តធំមួយមានសក្កានុពលច្រើន ឱ្យក្លាយជាការពិត និងមានការអភិវឌ្ឍជឿនលឿនឆាប់រហ័ស។

លោក វង្សី វិស្សុត បានបន្តណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។

លោកក៏បានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ហើយត្រូវតៀមជួយបងប្អូនប្រជាពលរដ្ឋដែលរង់គ្រោះដោយទឹកជំនន់ នៅពេលទឹកចាប់ផ្តើមស្រក ដូចជា ពូជស្រូវ, ការស្តារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការខ្ចប់ទឹកទុកសម្រាប់ធ្វើស្រែ និងបង្កបង្កើនផលផ្សេងៗ តាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ត្រូវបន្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់, ការឆបោក, សកម្មភាពក្មេងទំនើង និងបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប និងតាមតំបន់ការពារធម្មជាតិផ្សេងទៀត ដោយអនុវត្តឱ្យបានម៉ត់ចត់បំផុត។

លោកក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕