(ក្រចេះ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធពិនិត្យលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឱ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដើម្បីជាប្រភពចំណូលរបស់ខេត្ត។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូលនិងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឱ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង ដែលអាចប្រែក្លាយពលរដ្ឋកម្ពុជាជាឱ្យទៅជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។

បន្ថែមពីនេះ លោក បានបន្តថា ចំពោះសំណង់អគារត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឱ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដូចជាថ្មអារ និងម៉ាបជាដើម ដើម្បីជាប្រភពចំណូលរបស់ខេត្ត ហើយអាចយកមកគិតគូរទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្តវិញ៕