(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានគូសញ្ជាក់ថា កម្ពុជាមិនគាំទ្រគោលនយោបាយប្រទេសណាមួយ ដែលដាក់ចេញឡើង ដើម្បីប្រឆាំងប្រទេសណាមួយទេ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបញ្ជាក់ឲ្យច្បាស់ កម្ពុជាមិនចូលរួមជាមួយយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ។ នេះជានយោបាយរបស់កម្ពុជា ដែលមានពីមុន ហើយយើងនៅតែបន្ដ»

បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាចូលរួមជាមួយប្លុក ឬយន្តការណា ដែលមានទិសដៅរួម ក្នុងការបង្កើតឡើង ក្នុងការថែរក្សាសុខដុមនីយកម្ម សុខសន្តិភាពវិបុលភាព ទៅក្នុងតំបត់ ក្នុងជំរុញការអភិវឌ្ឍរួមគ្នា នៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាព នៅក្នុងតំបន់ ព្រោះ កម្ពុជាត្រូវការសន្តិភាព។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្ដិភាពផ្ទៃក្នុងប្រទេស ត្រូវថែរក្សាឲ្យបាន ប៉ុន្តែសន្តិភាពនៅក្នុងតំបន់ ក៏ចាំបាច់ដែរ ព្រោះវាពាក់ព័ន្ធនឹងយើងដែរ»

សម្ដេចបវរធិបតី បានបញ្ជាក់ថា សម្រាប់កម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិមួយ ក៏ដូចជាសមាជិករបស់អាស៊ាន គឺចូលរួមយុទ្ធការណា ដែលបានផ្តល់ផលប្រយោជន៍ ក្នុងការថែរក្សា មិនបង្កើតឡើង ដើម្បីប្រឆាំងប្រទេសណា ឬប្លុកណា មិនប្រកួតប្រជែង តែជាសមាហរណកម្មដើម្បីបំពេញឲ្យគ្នា ហើយជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។

លើសពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា យុទ្ធការកម្ពុជា នៅបន្តស្វែងយល់ ដើម្បីពង្រីកខ្លួន និងពង្រីកលទ្ធភាពនៃគ្រប់វិស័យ ដើម្បីប្រទាក់ក្រឡាជាមួយគ្នា ហើយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវបន្តលើកិច្ចការងារនេះផងដែរ៕