(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ ទប់ស្កាត់រាល់បទល្មើសណា ដែលធ្វើឲ្យប៉ះពាល់ ខូចខាតធនធានធម្មជាតិ ឲ្យអស់ពីលទ្ធភាព និងដើម្បីឲ្យស្រប់តាមសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។
ការប្រកាសជំរុញ បែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពិធីផ្សព្វផ្សាយ សារាចរណែនាំលេខ០៥ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងនោះដែរ ក៏មានការចូលរួមពី លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក ប្រធានសហគមន៍ព្រៃឈើ និងដៃគូរអភិវឌ្ឍន៍នានា ព្រមទាំងមន្ដ្រីពាក់ព័ន្ធ សរុបប្រមាណ១៩១នាក់។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ បន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងក្លាក្នុងការអនុវត្តច្បាប់ ទប់ស្កាត់រាល់ទម្រង់បទល្មើសដែលធ្វើឲ្យប៉ះពាល់ ខូចខាតធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយយកចិត្តទុកដាក់ឲ្យអស់លទ្ធភាពក្នុងការអនុវត្ត សារាចរណែនាំលេខ០៥ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវភាពទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ តាមការប្រតិភូកម្ម និងផ្ទេរអំណាចពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយ ស្ដីពី «វិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ»។ សារាចរនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបែងចែកឡើងវិញ ឲ្យបានច្បាស់លាស់ នូវសមត្ថកិច្ចរវាងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានានូវការលើកកម្ពស់ប្រសិទ្ធិភាព និងនិរន្ដភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ដែលសារាចរនេះ បែងចែកជា៩ចំណុច សុទ្ធតែកាតព្វកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តឲ្យអស់ពីលទ្ធភាព៕