(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នាថ្មីៗនេះមានការអូសទាញបងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅប្រទេសថៃតាមទិដ្ឋាការទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះធ្វើការតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងសូមបញ្ជាក់ថា ការចុះឈ្មោះនេះ នឹងអនុវត្តសម្រាប់តែពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃស្រាប់ជាមួយនិយោជក (ថៅកែ) ប៉ុន្តែមិនមានឯកសារ គ្រប់គ្រាន់ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលពលករដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងការងារ បានអំពាវនាវដល់បងប្អូនពលករឱ្យប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងន័យអូសទាញអោយឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ ដែលអាចបណ្តាលឱ្យខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងប្រឈមមុខនឹងវិធានការច្បាប់ របស់ប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែមអំពីការងារនៅប្រទេសថៃដោយស្របច្បាប់ សូមទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬគ្រុបតេលេក្រាម «សម្រាប់ ពលករ ទេសន្តរប្រវេសន៍» (https://t.me/KhmerMigrantWorker) ដែលអាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម ឬ ទំនាក់ទំនងមកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើស ឯកជនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (https://www.mlvt.gov.kh) ឬប្រព័ន្ធ តាមដានពលករទេសន្តរប្រវេសន៍ (https://www.tracking.ocwc.co)៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖