(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ កន្លងទៅថ្មីៗនេះ សម្ដេចបានឆ្លៀតជួបជជែកពិភាក្សា ជាមួយបណ្ដាប្រទេសដទៃ ដើម្បីជំរុញការនាំចេញអង្ករ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

«សូម្បីតែទៅប្រជុំអាស៊ាននេះ ក៏ឆ្លៀតចរចា នាំអង្ករ នាំស្រូវជាមួយហ្វីលីពីន ជាមួយអី (ប្រទេសផ្សេង) [...] ដើម្បីយើងបើកច្រក ព្រោះការចរចាម្តងៗ មិនមែនស្រួលទេ ចរចាហើយ មិនមែនបានត្រឹមតែ​ឯកភាពគ្នាទេ ទៅតាមដានដើម្បីអនុវត្ត»

បើតាមប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋបើកច្រកថ្នាក់នយោបាយ រីឯថ្នាក់ក្រសួងជាអ្នកចរចា ខណៈអ្នកផលិតជាក់ស្ដែងជាកសិករ។ ហេតុដូច្នេះហើយ សម្ដេចបវរធិបតី ជំរុញអ្នកផលិតត្រូវពង្រីកសមត្ថភាពខ្លួន ដើម្បីបំពេញតាមស្ដងដាររបស់អ្នកមានតម្រូវការ មិនមែនរំពឹងចាំការអនុគ្រោះពីគេឡើយ។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣ តោនទទួលបានចំណូល ៣០៥លានដុល្លារ ទៅកាន់គោលដៅចំនួន ៦៥។ ក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៣ ០៩៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេនជាដើម បានចំនួន ៤២ ៩២៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៦៩ លានដុល្លារសហរដ្ឋអាមេរិក៕