(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានស្នើឲ្យអ្នកនាំចេញអង្ករទាំងអស់របស់ប្រទេស ធ្វើការគ្រប់គ្រងដោយយកចិត្តទុកដាក់ទៅលើគុណភាពស្រូវអង្ករ បន្ទាប់ពីការនាំចេញអង្ករមួយចំនួន ត្រូវបានអាមេរិកបដិសេធមិនទទួលយក។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម បានឲ្យដឹងថា ក្រសួងកសិកម្មបានអំពាវនាវឲ្យបណ្តាអ្នកនាំចេញនៅក្នុងប្រទេសវៀតណាម ធ្វើការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានត្រឹមត្រូវលើបរិមាណនៃសារធាតុថ្នាំ សម្លាប់សត្វល្អិតនៅក្នុងអង្ករ ដែលត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចៀសវាងបញ្ហានៅពេលក្រោយៗទៀត។
បើយោងតាមក្រសួងខាងលើដដែល បានឲ្យដឹងទៀតថា ខណៈពេលដែលកំពុងធ្វើការត្រួតពិនិត្យអង្ករនាំចេញរបស់វៀតណាម រដ្ឋបាលអាហារ និងឱសថអាមេរិក បានរកឃើញថា នៅក្នុងអង្ករដែលត្រូវបាននាំចូលពីប្រទេសវៀតណាម មានផ្ទុកសារធាតុគីមីចំនួន ៨ប្រភេទ ដែលមានបរិមាណលើសកម្រិត និងអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន។
គួរបញ្ជាក់ដែរថា សារធាតុគីមីទាំង ៨ប្រភេទនោះ គឺជាថ្នាំសម្លាប់សត្វល្អិត ដែលត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។ ដោយឡែកក្រសួងកសិកម្ម និងអភិវឌ្ឍន៍វៀតណាម ក៏បានបញ្ជូនគណៈប្រតិភូប្រទេសខ្លួន ទៅកាន់អាមេរិកដើម្បីដោះស្រាយបញ្ហានេះផងដែរ៕