(សៀមរាប)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Leaders of the Digital Government Committee) ដែលរៀបចំឡើងនៅសណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ៤០រូប។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធពីសំណាក់លោក David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណរដ្ឋហ្វីលីពីន ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន AWS ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Huawei៕