(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគច្រើនក្នុងសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនភ្ញាក់ផ្អើលឡើយ ចំពោះវត្តមានរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលអាចនឹងចូលរួមកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៧ ខែតុលា ខាងមុខនេះ។ លោក ឈាង វុន ថា នេះជារឿងធម្មតាទេ ហើយជា កាតព្វកិច្ចរបស់សមាជិកសភាភាគតិច ដែលត្រូវតែធ្វើដើម្បីគោរពទៅតាមបំណងប្រាថ្នា របស់ម្ចាស់ឆ្នោតផងដែរ។

អ្នកនាំពាក្យសំឡេងសភាភាគច្រើនរូបនេះ បានបន្ថែមថា សមាជិកសភាភាគតិច នៃគណបក្សសង្រ្គោះជាតិ គួរតែចាប់ផ្តើមយកអំណាចដែលម្ចាស់ឆ្នោត បោះឆ្នោតឲ្យមកប្រើប្រាស់ដើម្បីបំពេញការងាររបស់ខ្លួន ជួយដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទើបជាការល្អប្រសើរ។

ការអះអាងរបស់ លោក ឈាង វុន  អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគច្រើនក្នុងសភានាពេលនេះ បានធ្វើឡើងក្រោយពី លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិចក្នុងសភា បានបញ្ជាក់ថា សមាជិកសភា របស់គណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំខាងមុខនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា សមាជិកសភាគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ គឺដើម្បីបង្ហាញជំហរថា អាចនឹងមានការ សហការគ្នា និង ធ្វើការរួមគ្នា ដើម្បីឈានទៅដល់ការ ចរចានយោបាយ នៅពេលខាងមុខនេះ តបតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួរបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាក្នុងការចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕