(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា បច្ចុប្បន្ននេះបើនិយាយអំពីហេតុការណ៍ផ្ទុះជម្លោះក្នុងកម្មវិធីរបស់ Miss Grand International 2024 រវាងម្ចាស់ស្ថាប័ន MGI និងភាគីអ្នករៀបចំMGCរបស់កម្ពុជាដែលជាម្ចាស់ផ្ទះ បន្ទាប់ពីលោក ណាវ៉ាត់ អ៊ីតសារៈក្រៃស៊ីល -Nawat Itsaragrisil ជាស្ថាបនិកMGI បាន​សម្រេចបញ្ចប់កិច្ចសន្យាភ្លាមៗនៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ២០២៤ថ្មីៗនេះ ពីកម្ពុជានិងនាំបេក្ខភាព​បវរកញ្ញាមកពីបណ្ដាលក្រុមហ៊ុននានាជាង៧០រូបមកពីបណ្ដាប្រទេសផ្សេងៗគ្នា រត់ចេញ​ពីកម្ពុជាទៅធ្វើការប្រកួតនៅ​ប្រទេស​ថៃវិញទាំងតក់ក្រហល់មុនការកំណត់ ក្រោមលេសចោទប្រកាន់ថា ក្រុមហ៊ុនMiss Grand Cambodia អសមត្ថភាព ឬយ៉ាងនេះយ៉ាងនោះ រហូតធ្វើឲ្យផ្ទុះក្នុងប្រព័ន្ធសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គមរវាងប្រទេសទាំងពីរ ហើយត្រូវបានមជ្ឃដ្ឋានជាច្រើនក្នុងបណ្ដាញសង្គមកម្ពុជា ផ្ទុះប្រតិកម្មនិងចាត់ទុកថា ទង្វើរបស់លោកNawat ជាស្ថាបនិត MGI របស់ថៃ ប្រមាថមកលើបុគ្គលជាតិសាសន៍ខ្មែរ ឬយ៉ាងនេះយ៉ាងនោះ។

នេះគឺពុំមែនជារឿងចម្លែកនោះទេ ព្រោះឧបមាថា បើបុគ្គលណាមួយដែលបានប្រមាថ ឬនាំឲ្យមានការើសអើងជាតិសាសន៍ ហើយត្រូវបានភាគីរងគ្រោះពីការប្រមាថនេះ រកឃើញមានភស្ដុតាងគ្រាប់គ្រាន់ច្បាស់លាស់ គឺច្បាស់ជាត្រូវច្បាប់របស់ប្រទេសនីមួយៗ ឬច្បាប់អន្ដរជាតិគេថ្កោលទោសជាក់ជាពុំខាន។ ព្រោះការប្រមាថ ឬទម្រង់នៃការរើសអើងជាតិសាសន៍នេះលើពិភពលោកគេពុំគាំទ្រទ្បើយ។

មួយវិញទៀត បើនិយាយអំពីទង្វើអាកប្បកិរិយារបស់ Miss Grand Thailand - កញ្ញា ម៉ាលីន ចារ៉ាអាណាន់ Malin Chara-Anan, ដែលបានធ្វើបទសម្ភាសន៍បញ្ចេញឫកពារស្រែកយំទួញសោក និងបញ្ចេញវោហាសាស្រ្ដ មកលើកម្ពុជា ថា ពងគ្រួចមានដង្កូវនោះ។ ទង្វើនេះមានសំនួរចោទសួរថា តើអំពីតម្លៃបវរកញ្ញា​ឋិតនៅលើអ្វី?

ត្រង់ចំណុចនេះលោក រ័ត្ន សណ្ដាប់ យល់ថាបើពោលអំពីតម្លៃបវរកញ្ញា​ជាទូទៅ គឺគេរើសសម្រិតសម្រាំងទាំងសម្រស់​ស្រស់ស្អាតបាតរួមនិងកិរិយាមារយាទល្អមានការយល់ដឹងជាសកលយ៉ាងប្រពៃ ព្រោះជាគំរូល្អសម្រាប់អ្នកដទៃនៅក្នុងក្រុមហ៊ុន សហគមន៍របស់ខ្លួន ដើម្បីបណ្តុះស្មារតីសេចក្តីស្រឡាញ់មនុស្សទូទៅឲ្យរស់ក្នុងបរិស្ថានសន្ដិភាពដ៏ស្រស់ស្អាតលើផែនដីយើងនេះ។ ព្រោះនរណាៗ ក៏គេដឹងដែរថា ក្នុងពងគ្រួច ពងមាន់ ឬពងទា ពុំអាចមានពងដង្ហូវនោះទេ តែនេះប្រហែលជាមើលទៅមានតែបវរកញ្ញាថៃរូបនេះមួយគត់ដែលពុំដឹងនោះ។ បើពោលឲ្យខ្លី គ្មានសង្គមណាមួយគេឲ្យតម្លៃទៅលើស្ថាប័នឬក្រុមហ៊ុនណា ដែលរើសបវរកញ្ញាដែលមានតែសម្រស់ស្អាត ប៉ុន្ដែកិរិយាមារយាទ មានចរឹកមាយាដកខ្ញីនោះទេ។

ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាហេតុនេះបើនិយាយអំពីទង្វើចរឹករបស់បុគ្គលជាតិសាសន៍មួយ ដែលប្រមាថមកលើបុគ្គលជាតិសាសន៍មួយទៀត ពុំមែនជារឿងចម្លែកស្អីនោះទេ។ តែផ្ទុយទៅវិញអ្វីដែលចម្លែកនោះគឺទង្វើរបស់បុគ្គលជាតិខ្លួន ដែលប្រមាថមកលើជាតិសាសន៍ខ្លួន មាតុភូមិខ្លួន និងប្រជាជាតិខ្លួន ជាក់ស្ដែងដូចជាបុគ្គលជាសង្ឃខ្លះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានភ្លេចជាតិកំណើតខ្លួន ភ្លេចឪពុកម្ដាយ ជីដូនជីតា បុព្វការីជនខ្លួន ហើយបានធ្វើការប្រមាថមកលើមាតុភូមិខ្លួន ជាមាតាយ៉ាងកម្រោលថា ជាតិក្រោយសូមកុំឲ្យកើតជាខ្មែរអីៗទៅវិញនោះទេ ទើបជារឿងចម្លែកនិង​គួរ​ឲ្យ​ចង់​សើច៕