(ពោធិ៍សាត់)៖ ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះចៅអធិការកែវវិជ័យ ស្ថិតនៅក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានព្រះទ័យបានប្រគល់ជូនថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ សម្រាប់ចែកជូនជនរងគ្រោះដោយប្រការផ្សេងៗ និងបម្រើដល់កិច្ចការមនុស្សធម៌នានា។

ការប្រគល់-ទទួលអំណោយទាំងនេះធ្វើឡើងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស លោក វណ្ន ហ៊ាង នាយប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

ព្រះព្រហ្មាភិរ័ត កែវ កន មានថេរដីកាថា ថវិកា ស្បៀង និងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទ និងសប្បុរសជនប្រគេនដល់ព្រះសង្ឃតាមរយៈពិធីបុណ្យទានផ្សេងៗ ជាពិសេសបុណ្យភ្ជុំបិណ្ឌនាពេលថ្មីៗនេះ។ ដោយមើលឃើញពីតម្រូវការចាំបាច់លើកិច្ចការងារមនុស្សរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តនោះ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តបានឯកភាពគ្នាចែករំលែកនូវថវិកា សម្ភារៈទាំងនោះជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលសកម្មភាពនេះតែងតែមានជាបន្តបន្ទាប់នាពេលកន្លងមក មិនដែលខកខាននោះឡើយ សម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ។

លោកស្រី អាំង សុជាតា ខូយរីដា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះព្រហ្មាភិរ័ត កែវ កន ព្រះមេគណខេត្ត ដែលមានព្រះទ័យយកចិត្តទុកដាក់ផ្តល់នូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទាំងពេលនេះក៏ដូចនាពេលកន្លងមកមិនដែលខកខាននោះឡើយ។ នេះដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានភាពច្បាស់លាស់ ចំគោលដៅ ទើបមានការគាំទ្រ និងកាន់តែមានទំនុកចិត្តពីសំណាក់ ព្រះសង្ឃ អាជីវករ សប្បុសរជនទាំងក្នុងនិងក្រៅខេត្តទើបធ្វើឱ្យសាខា មានលទ្ធភាពក្នុងកិច្ចការងារមនុស្សធម៌បានទាន់ពេលវេលា។ ក្នុងនោញលោកស្រីបានសន្យាថា យកសម្ភារៈទាំងនេះយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងចែកជូនដល់ដៃអ្នកប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដើម្បីឱ្យសមស្របទៅតាមម្ចាស់ជំនួយមិនឱ្យខកបំណងនោះឡើយ។

ជានិច្ចកាល សាខាកាកបាទក្រហមកម្ពុជាខេត្តតែងតែចុះធ្វើសកម្មភាពចែកជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋជួបកង្វះខាតស្បៀង ជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាព មិនបានប្រកាន់និន្នាការនយោបាយ ឬរើសអើងអ្វីឡើយ គឺឱ្យតែរងគ្រោះត្រូវបានការជួយឧបត្ថម្ភ ទៅតាស្ថានភាពជាក់ស្តែង ស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម។

គួរជម្រាបថា សម្ភារៈ និងថវិកាដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រួមមាន៖ អង្ករ១តោន ទឹកក្រូវ៣០កេស ទឹកសុទ្ធអូរាល់៣០កេស មី១០កេសតូច ទឹកដោះគោ២០កំប៉ុង ស្ករស១០គីឡូក្រាម តែ២០កញ្ចប់ ទឹកត្រី៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ ធុងទឹកកក៣៣ បំពង់ទឹកក្តៅ៣៥ កុំសៀវ៥០ ខ្ទះ៥២ ចានដែក១៩ និងថវិកា២លានរៀល។

នាឱកាសនោះ ព្រះព្រហ្មាភិរ័ត កែវ កន រួមទាំងលោក ស្រី អាំង សុជាតា ខូយរីដា ក៏បាននិមន្តនិងអញ្ជើញពិនិត្យក្រុមជាងកំពុងលាបថ្នាំទូកខ្នាតអន្តរជាតិចំណុះ២២នាក់ មានឈ្មោះថា «កម្លាំងសាមគ្គីនារីមានជ័យ» របស់អង្គភាព សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ដែលគ្រោងចូលរួមប្រកួតនាពេលខាងមុខនេះ៕