(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងទប់ស្កាត់ការរំលោភយកដីចំណីអូរ និងចំណីផ្លូវ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានណែនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវគ្រប់គ្រងដីចំណីផ្លូវចំណីអូ និងស្ទឹងឱ្យបានច្បាស់លាស់ ហើយត្រូវអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ដោយចៀសវាងការយកដីចំណីផ្លូវធ្វើជាកន្លែងរស់នៅ ឬរកស៊ីដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរៀបចំអនុក្រឹត្យ ស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវ ថ្នល់ និងផ្លូវរថភ្លើង ក្នុងគោលបំណង លុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ ក៏ដូចជា កាត់បន្ថយ ឧបសគ្គ នានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ ហើយជាងនេះទៅទៀត ក៏សំដៅកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួល ដល់ សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការ អភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ការគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងចំណីស្ទឹងនេះ សូមមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវធ្វើការបោះបង្គោលកំណត់ព្រំឱ្យច្បាស់ និងដាំដើមឈើ ជាពិសេសគឺការអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹង ហើយប្រសិនបើមានសាង សង់ធ្វើផ្ទះ ឬធ្វើកន្លែងអាជីវកម្មផ្សេងៗ តម្រូវឱ្យសូម ច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមុខនានា ដែលបណ្តាលឱ្យ ខាតពេលវេលា និងថវិកា ព្រមទាំងងាយ ស្រួលដល់មន្ត្រីជំនាញក្នុងការគ្រប់គ្រង។

សូមរំលឹកថា កន្លងមកអាជ្ញាធរ និងមន្ត្រីជំនាញខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ តែងតែបានចុះប្រតិបត្តិការរំដោះចំណីអូ ស្ទឹង និងចំណីផ្លូវសាធារណៈ ដែលបងប្អូនប្រជាពលរដ្ឋ តែងតែរំលោភយកទៅប្រកបអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាព ហើយមិនតែប៉ុណ្ណោះការបំពានដីចំណីផ្លូវចំណីអូ និងស្ទឹងនេះ ក៏ធ្វើឱ្យរាំងស្ទះដល់គម្រោងអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនឱ្យមានភាពយឺតយ៉ាវ និងត្រូវចំណាយលុយរាប់លានដុល្លារ ក្នុងការដោះស្រាយសំណងដល់ប្រជាពលរដ្ឋផងដែរ៕