(អ៊ីរ៉ាក់)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហៃឌឺ អាល់ អាបាឌី (Haider Al-Abadi) បានព្រមានទីក្រុង អង់ការ៉ា ថាការបន្តរក្សាវត្តមានកងទ័ពតួកគី នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អាចនឹងនំាឱ្យកើតមាន សង្រ្គាមនៅក្នុងតំបន់ជាក់ជាមិនខាន។ នេះបើយោងតាមចេញផ្សាយ ដោយស្ថានីយ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃអង្គារ លោក អាបាឌី បានប្រតិកម្មយ៉ាងខ្លាំងទៅនឹង សភាតួកគី ដែលបានសម្រេចចិត្តកាលពីសបា្ដហ៍មុន ក្នុងការរក្សាវត្តមានកងទ័ព ក៏ដូចជាបន្តធ្វើ ប្រតិបត្តិការយោធាប្រឆំាង នឹងក្រុមអង្គការភេរវករ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។
លោក អាបាឌី បានលើកឡើងដូច្នេះថា «យើងបានស្នើសុំជាច្រើនដងដល់ភាគីតួកគី ឱ្យបញ្ឈប់ការ ជ្រៀតជ្រែត ឬ ការធ្វើអន្តរគមន៍យោធា នៅលើទឹកដីអ៊ីរ៉ាក់ ត្បិតអីខ្ញុំពិតជាបារម្ភខា្លចក្រែង ការផ្សងព្រេង របស់តួកគីនឹងប្រែក្លាយទៅជាសង្រ្គាមនៅក្នុងតំបន់។ ជាងនេះទៅទៀត អាកប្បកិរិយារបស់មេដឹកនំា តួកគី គឺមិនអាចទទួលយកបានឡើយ តែយ៉ាងណាយើងក៏មិនចង់ប្រើប្រាស់ កម្លាំងយោធា ប្រឈមមុខនឹងតួកគីនោះដែរ»។
គួររំលឹកថា កាលពីថ្ងៃអង្គារ សភាអ៊ីរ៉ាក់ ក៏បានបោះឆ្នោតផងដែរ លើសេចក្តីថ្លែងការណ៍មួយ ថ្កោលទោស លើការសម្រេចចិត្តរបស់សភាតួកគី ដែលនៅតែអះអាងថា វត្តមានកងទ័ពតួកគី នៅភាគជើងអ៊ីរ៉ាក់ គឺជាផ្នែកមួយនៃបេសកកម្ម អន្តរជាតិក្នុងគោលបំណងបណ្ដុះបណ្ដាល និងបំពាក់បំប៉ន កងកម្លំាងអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS តែប៉ុណ្ណោះ៕