(សៀមរាប)៖ ព្រះគ្រូព្រះចៅអធិការក្នុងក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងជនចាស់ជរាសរុបចំនួន៤០គ្រួសារ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះសច្ចានុបាល នឿម វុទ្ធី មានថេរដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធា ជ្រះថ្លារបស់ព្រះសង្ឃដូច្នេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះ ត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និងខិតខំប្រឹងប្រែងស្វែងរកទ្រព្យបន្ថែមទៀត ពីព្រោះការជួយនេះ មិនអាចដោះស្រាយបញ្ហាខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែបានជួយដោះស្រាយមួយ រយៈពេលខ្លីប៉ុណ្ណោះ។

ព្រះអង្គក៏បានជំរុញងលើកទឹកចិត្តឱ្យយកកូនទៅរៀនសូត្រ ព្រមទាំងជួយបង្ហាត់បង្រៀនកូនៗបន្ថែមនៅផ្ទះ ព្រោះមានតែការសិក្សាទេ ដែលអាចជួយឱ្យយើងអាចរួចផុតពីភាពក្រីក្របាន។

ព្រះធម្មានុរ័ក្ខញាណ ស៊ុំ ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប មានថេរដីកាថា នៅកម្ពុជាវិស័យពុទ្ធចក្រ និងអាណាចក្រតែងតែដើរទន្ទឹមគ្នា និងផ្សារភ្ជាប់ការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ។ ព្រះតេជគុណបន្តថា ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្តីសុខមិនអាចចៀសរួចឡើយ គ្រាន់តែទំហំទុក្ខ និងសេចក្តីសុខនោះ វាខុសគ្នាទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន។

ព្រះតេជគុណមានថេរដីកាបន្តថា យើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាក គឺត្រូវខំប្រឹងព្យាយាមធ្វើស្រែចម្ការដាំដុះប្រកបរបរផ្សេងៗ។ ការផ្តល់ជាគ្រឿងឧភោគបរិភោគរបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ព្រះតេជគុណបន្តទៀតថា ពុទ្ធបរិស័ទទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដូច្នេះនៅពេលដែលពុទ្ធបរិស័ទជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិ និងចូលរួមការរំលែកទុក្ខរបស់ពុទ្ធបរិស័ទ ជាការបង្ហាញពីការអាណិតអាសូរក្នុងនាមជាមិត្តរួមជាតិ រួមសាសន៍ជាមួយគ្នា។

ជាមួយនេះដែរ លោក ឆោម ឈឿត ចៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានថ្លែងអំណរព្រះគុណចំពោះទឹកចិត្តព្រះសង្ឃក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ព្រមទាំងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះ ជាសកម្មភាពមនុស្សធម៌ ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ៕