(សៀមរាប)៖ អង្គការផេពភីលើកកម្ពស់យុវជន (PEPY Empowering Youth) នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាបលើកទី៤ ដើម្បីផ្តល់ឱកាសនិងលើកទឹកចិត្តបន្ថែមដល់សហគ្រិននៅក្នុងខេត្តសៀមរាប ក្នុងការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្ម (ទាំងមានស្រាប់ និងទើបបង្កើតសាកល្បង) ដើម្បីទទួលបានការសិក្សាបន្ថែមពីអតិថិជន និងផ្សារភ្ជាប់ទៅទីផ្សារឱ្យកាន់តែទូលំទូលាយ។

អ្នកស្រី ព្រឿន បញ្ញារី អ្នករៀបចំកម្មវិធិមហោស្រពសហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប បានលើកឡើងថា នេះលើកទី៤ហើយ ដែលបានរៀបចំកម្មវិធីនេះឡើងចំពោះលើកនេះបានពាំនាំនូវរូបភាពថ្មី​ ក៏ដូចជាការចូលរួមថ្មីៗនៅក្នុងកម្មវិធី។ អ្នកស្រីបន្តថា​ កម្មវិធីនេះមិនមែនគ្រាន់តែជាកម្មវិធីតាំងពិពណ៍ ហើយអ្នកទស្សនារួចគាត់ត្រឡប់ទៅវិញនោះទេ គឺយើងចង់ឲ្យពួកគាត់ចូលរួមជាមួយនឹងយើង ដើម្បីស្វែងយល់បន្ថែមពីសហគ្រិននៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។

អ្នកស្រី ព្រឿន បញ្ញារី បានបន្តថា ការចូលរួមវគ្គបណ្តុះបណ្តាលជាមួយយើងរយៈពេល៦ខែ និងការធ្វើបទបង្ហាញពីគំនិតអាជីវកម្ម​ដែលសហគ្រិនគាត់ចូលរួមក្នុងការប្រកួតប្រជែង ដើម្បិជំរុញអាជីវកម្មរបស់គាត់ទៅមួយកម្រិតទៀត ដែលមានអាជីវកម្មខ្លះទើបបង្កើតថ្មី និងអាជិវកម្មខ្លះទៀតបានបង្កើតឡើងហើយ ប៉ុន្តែគាត់មិនទាន់ស្វែងរកខ្លួនឯងឃើញ និងដំណើរការទៅបានល្អប្រសើរ។ មួយវិញទៀត ក៏បានបញ្ចូលនូវកិច្ចពិភាក្សាអំពីអាជីវកម្ម ក្រោមប្រធានបទ «ផលិតផលសៀមរាបបញ្ជ្រាបសកល» ផងដែរ។

អ្នកស្រីបន្ថែមថា មហោស្រពនេះចង់លើកតម្កើងផលិតផល ក៏ដូចជាសេវាកម្មនៅសៀមរាប ដែលផ្តើមចេញពីសហគ្រិននៅសៀមរាបផ្ទាល់តែម្តង ដើម្បីឲ្យយើងបញ្ជ្រាបទៅដល់ពិភពលោក។ ក៏ជាឱកាសឲ្យគេឃើញពីមុខមាត់នៃខេត្តសៀមរាបឲ្យកាន់តែស៊ីជម្រៅជាងមុន បន្ថែមពីអ្វីដែលយើងអ្វីមានស្រាប់ទាក់ទងជាមួយនឹងប្រាសាទ និងវប្បធម៌ប្រពៃណី។

អ្នកស្រីបញ្ជាក់ថា ការបង្កើតគម្រោងអាជីវកម្មនេះឡើង គឺដោយសារនៅក្នុងអំឡុងពេលកូវីដមានការខ្វះខាត ដែលទាក់ទងជាមួយនឹងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជា សហគ្រិន គាត់ជួបនូវបញ្ហា​ជាច្រើន ដោយអ្នកខ្លះគាត់បិទទ្វា និងខ្លះទៀតគាត់ផ្អាកតែម្តង។ អ្នកស្រីបន្តថា ពួកគាត់ពិតជាត្រូវការវគ្គបណ្តុះបណ្តាល និងជំរុញអាជីវកម្មរបស់គាត់ទៅមួយកម្រិតទៀត ធ្វើបែបណាឲ្យអាជីវកម្មនៅតែអាចបើកទ្វារដើរបាន។

អ្នកស្រីបានបន្តថា កត្តាទាំងនេះហើយ ទើបដែលធ្វើឲ្យអង្គការផេពភីលើកកម្ពស់យុវជន បានបង្កើតឡើងជាមួយនឹងកម្មវិធីបណ្តុះបណ្តាលយុវជនអ្នកច្នៃប្រតិដ្ឋ និងបណ្តុះអាជីវកម្មរយៈពេល៤ឆ្នាំមកហើយ។ ហើយយើងមានមោទនភាពដែលបានជួបជាមួយនឹងម្ចាស់អាជីវកម្ម ម្ចាស់សហគ្រិនដែលគាត់បានចូលរួមជាមួយយើង ជាពិសេសអ្នកដែលចូលរួម គឺមានយុវជនដែលទើបតែមានគំនិតទេ ប៉ុន្តែគាត់ចង់ចូលរួម ដើម្បីបណ្តុះនូវគំនិតអាជីកម្មជាមួយកម្មវិធី។

អ្នកស្រីបញ្ជាក់ថា ចំពោះលក្ខខណ្ឌដែលអាចចូលរួមបាន គឺតម្រូវឲ្យពួកគាត់មានឆន្ទៈច្បាស់លាស់នៅក្នុងការចូលរៀន និងមានពេលវេលាច្បាស់លាស់ ព្រមទាំង មានទិសដៅច្បាស់លាស់ក្នុងការចូលរួម ព្រោះអ្វីដែលយើងចង់បាននោះ គឺអ្នកដែលបានចូលរួមពេញលេញ ទើបវគ្គបណ្តុះបណ្តាលរបស់យើងដំណើរការទៅបានរលូន។

ចំណែកលោក ហឿន ស៊ីហា​ ដែលមានគម្រោងអាជីវកម្មឈ្មោះថា (ស្រង់) ដែលធ្វើការទៅលើការកែច្នៃកំប្លោក ជំនួសការប្រើប្រាស់ស្នោរក្នុងការវេចខ្ចប់កាដូ និងការធ្វើសំភារៈប្រើប្រាស់ផ្សេងៗទៀត ដើម្បីជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍បណ្តែទឹកមេជ្រៃ និងព្រែកទាល់ តាមរយៈការបង្កើតការងារ និងបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍ផងដែរ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលធ្វើដោយពលរដ្ឋខ្មែរ កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមសហគមន៍​និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។

អ្នកស្រី ប៉ាន់ សុផាន់ ម្ចាស់អាជីវកម្មឫស្សី បានឲ្យដឹងថា​ កាលពីមិនទាន់បានចូលរួមជាមួយសមាគមន៍ និងអង្គការ គឹមិនចេះច្បាស់លាស់ពីការទំនាក់ទំនង និងធ្វើអាជីវកម្មនោះទែ គឺចេះតែលក់តៗពីគ្នាមកតែប៉ណ្ណោះ។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលអង្គការ និងដៃគូរសហការរួចមក បានធ្វើឲ្យយើងចាប់ផ្តើមមានគំនិតមួយ ចេះរៀបចំផែនការខ្លួនឯង, ចេះពីរបៀបទំនាក់ទំនង និងចេះរកអតិថិជន ព្រមទាំង ការរៀបចំអាជីវកម្មខ្លួនឯង​។

អ្នកស្រីបន្តថា ប្រសិនបើយើងធ្វើខ្លួនឯងអត់បាន អង្គការគាត់បានជួយផ្តល់យោបល់, បង្ហាញផ្លូវដល់យើង និងព្យាយាមណែនាំទៅស្ថាប័នផ្សេងៗដែលពាក់ព័ន្ធជាមួយយើង។ ហើយគាត់ក៏ជួយទំនាក់ទំនងឲ្យផងដែរ ល្អជាងយើងនៅម្នាក់ឯងទៅអត់ស្គាល់គេ គឺពិបាកក្នុងការទំនាក់ទំនងណាស់។

ជាមួយនេះដែរ អ្នកស្រីក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ សូមមកចូលរួមជាមួយអង្គការ ឬក៏ដៃគូរសហការផ្សេងៗ ដើម្បីឲ្យអាជីវកម្មរបស់គាត់មានការរីកចំរើន និងដើរទាន់សម័យកាលនាពេលបច្ចុប្បន្ននេះផងដែរ៕