(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ ក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកានិពន្ធនាយកព័ត៌មាន ស្ដីពី«ការចូលរួមចំណែករបស់វិស័យសារព័ត៌មាន ដើម្បីលើកម្ពស់ការការពារបរិស្ថាននៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ»។
វេទិកានេះនឹងរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយចាប់ផ្តើមពីម៉ោង០៨៖៣០ព្រឹក ដល់ម៉ោង១១៖០០ព្រឹក ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ក្លឹបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា វេទិកានេះរៀបចំឡើងដើម្បីលើកកម្ពស់ដំណោះស្រាយ បញ្ហាបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈពង្រឹងការចូលរួមពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាតិ និងពីក្នុងតំបន់ ក៏ដើម្បីលើកម្ពស់ការយល់ដឹងបន្ថែម ស្ដីពីបញ្ហាបរិស្ថានដល់និពន្ធនាយកសារព័ត៌មាន និងស្វែងរកគាំទ្រពីក្រុមនិពន្ធនាយកដើម្បីជំរុញឲ្យមានការចូលរួម
កាន់តែផុសផុលពីពលរដ្ឋ អាជ្ងាធរមានសមត្ថកិច្ច និងក្រុមវិនិយោគិននានាក្នុងការការពារ និងលើកកម្ពស់វិស័យបរិស្ថាននៅកម្ពុជា និងនៅតាមតំបន់ ។
សូមជម្រាបថា វេទិការនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្លឹបអ្នកកាសែតកម្ពុជា និងវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក្រោមជំនួយឧបត្ថម្ហពីគម្រោងភាពជាដៃគូអភិវឌ្ឍន៍តំបន់ ទន្លេមេគង្គ ដើម្បីបរិស្ថាន ហៅកាត់ជាភាសាអង់គ្លេសថា MPE៕