(ប៉ៃលិន)៖ ខេត្តប៉ៃលិននឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណៈនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត បានចុះពិនិត្យមើលទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ។

លោកស្រី បាន ស្រីមុំ បានលើកឡើងងថា បើទោះបីជាខេត្តប៉ៃលិនមិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញ ក៏រដ្ឋបាលខេត្តនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ឱ្យបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត។

លោកស្រីអភិបាលខេត្តបានណែនាំដល់ក្រុមការងារនៅក្នុងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា រំលេចនូវអត្តសញ្ញាណរបស់ជាតិក្នុងការទាក់ទាញអារម្មណ៍ដល់មហាជន ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យឱ្យមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសត្រូវផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី និងការរៀបចំស្តង់ពិព៍រណ៍។

លោកស្រី បាន ស្រីមុំ បានស្នើដល់ប្រជាពលរដ្ឋដែលបានធ្វើប្រទីបលក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីបនោះឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយបើអាចសូមធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវចម្រុះក្នុងទឹកទៀតផង ម៉្យាងវិញទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណាបានបំពុលបរិស្ថាន ដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នឹងចូលរួមពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅស្ទឹងតារាប ដោយមានការចូលរួមផ្តល់ជូននូវម្ហូបអាហារ នំចំណីដោយឥតគិតថ្លៃ ពីសំណាក់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការប្រគុំតន្ត្រី បង្ហោះគោម និងការបាញ់កាំជ្រួចផងដែរ៕