(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីចិនខេត្តហីឡុងជាំង (Heilongjiang) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងភ្ញៀវទេសចរប្រទេសទី៣ ទៅមកទស្សនាគោលដៅទេសចរណ៍នៃប្រទេសនិងខេត្តទាំងពីរកម្ពុជា-ខេត្តហីឡុងជាំង។

អនុស្សរណៈនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យគណៈប្រតិភូចិនខេត្តហីឡុងជាំង ដែលដឹកនាំដោយលោកស្រី ហឺ ជីង (HE Jing) ប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងទេសចរណ៍។

តាមការឱ្យដឹងពីក្រសួងទេសចរណ៍ ជំនួបពិភាក្សាការងារនេះមានគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល៦៦ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកទីផ្សារទេសចរណ៍កម្ពុជាឱ្យមានទំហំកើនឡើង។

លោកស្រីប្រធានមន្ទីរ ហឺ ជីង ក៏បានឱ្យដឹងថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលផ្លែផ្កាដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍របស់ភាគីកម្ពុជា ក៏ដូចជាភាគីចិនខេត្តហីឡុងជាំង។

ក្រោមអធិបតីលោករដ្ឋមន្ត្រី ហួត ហាក់ ភាគីក្រសួងទេសចរណ៍កម្ពុជា តំណាងដោយលោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយលោកស្រី ហឺ ជីង ប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហីឡុងជាំង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសនិងខេត្តទាំងពីរ ក្រោមក្ដីរំពឹងថាចំនួនភ្ញៀវទេសចរដែលទៅមកទស្សនាកម្សាន្ដគោលដៅទាំងពីរ នឹងមានការកើនឡើងជាលំដាប់៕