លោក យ៉ែម បុញ្ញឫទ្ធិ៖ គណបក្សសង្រ្គោះជាតិ អាចចូលរួមកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី០៧ ខែតុលា ខាងមុខនេះ (Video inside)
05-10-2016 16:25
(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិចក្នុងសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំខាងមុខនេះ។
ការអះអាងរបស់ អ្នកនាំពាក្យគណបក្សប្រឆាំង ដែលមានសមានចិត្តជាមួយអ្នកកាសែតរូបនេះ បានធ្វើឡើងក្រោយពីគណបក្ស សង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍ពិភាក្សាអំពីករណីចូលសភា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា សមាជិកសភាគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ គឺដើម្បីបង្ហាញជំហរថា អាចនឹងមានការសហការគ្នា និង ធ្វើការរួមគ្នា ដើម្បីឈានទៅដល់ការចរចានយោបាយនៅពេលខាងមុខនេះ តបតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គួរបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាក្នុងការចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕