(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរចំពោះឃុំប្រសូត្រ ដែលអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានល្អបំផុត។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ កោតសរសើរបែបនេះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជុំទី១ នៃរាជរដ្ឋាភិបាល នៅក្នុងឃុំប្រសូត្រ ដែលមានប្រជាពលរដ្ឋចូលរួម ២៣៥នាក់។

នាឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា បានថ្លែងថា នេះជារឿងដ៏ល្អបំផុត ដែលវេទិកាសាធារណៈនៅក្នុងឃុំប្រសូត្រ មិនមានលើកឡើងពីបញ្ហាអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ លោកស្រីក៏បានកោតសរសើរដល់រដ្ឋបាលឃុំប្រសូត្របម្រើសេវាសាធារណៈបានល្អ លឿន និងតម្លាភាព ជូនប្រជាពលរដ្ឋមូលដ្ឋាន ដោយមិនមានការថ្នាំងថ្នាក់អ្វីឡើយ។

ទោះជាយ៉ាងនេះក្តី លោកស្រី ឡងឌី សាន់ណារ៉ា បានថ្លែងដែរថា បញ្ហាប្រឈមដែលប្រជាពលរដ្ឋនៅក្នុងឃុំលើកឡើងនោះ គឺជាបញ្ហាទូទៅ ដែលរាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយជាជំហានៗ តាមដំណាក់កាលជានិច្ច។

មុននឹងបញ្ចប់វេទិកា លោកស្រី ឡងឌី សាន់ណារ៉ា បានឆ្លៀតនាំការផ្តាំផ្ញើ និងសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។ នារដូវវស្សានេះដែរ លោកស្រីក៏បានស្នើដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងស្លៀកសម្លៀកបំពាក់ឲ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕