(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ដ្រីរដ្ឋបាលជំនាញ ប្រមាណ៥៣នាក់ បន្ទាប់ពីទទួលបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង អភិបាលខេត្ត នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ និងរឹបអូសឈើមូលបាន១០៣៩ដុំ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង ក្រោមការដឹកនាំផ្ទាល់ដោយលោក សរ សុពុត្រា អភិបាលរងខេត្ត និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺផងដែរ។ មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយប្រតិបត្តិការ មន្ដ្រីជំនាញបានធ្វើការវាស់វែង ឈើទាំងអស់នេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕