(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទ្រង់ប្រោសព្រះរាជទាន ព្រះរាជអំណោយ ជាលើកទី៣ ដល់សមាគមសំឡេងជនពិការភ្នែក ដែលកំពុងជួបបញ្ហាខ្វះខាត។ ពិធីនេះ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តបទុមធម្មយុត្ត។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទូលថា ស្របតាមចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុវត្តបេសកកម្ម ដែលប្រកបដោយថាមពល សាមគ្គីភាព ភាពឆ្នៃប្រឌិត ឆន្ទៈ មនសិការ សច្ចធម៌ គុណធម៌ និងសីលធម៌ ដែលឈរលើបាវចនា «មេត្តា សតិ និងបញ្ញា» ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា កំពុងតែមានកេរ្តិ៍ឈ្មោះបោះសំលេងទាំងក្នុងឆាកជាតិ និងអន្តរជាតិ ក្នុងការផ្តល់ការអប់រំដល់សមណនិស្សិត និស្សិត ឱ្យប្រកបដោយគុណវុឌ្ឍខ្ពស់ ក្លាយជាសរសេរទ្រូងដ៏រឹងមាំ បម្រើដល់ជាតិ សាសនា ព្រះមហាក្សត្រ មាតុភូមិដ៏ល្អផូរផង់ អារិយធម៌ដ៏រុងរឿង និងជាទឹកដីដ៏ត្រជាក់នៃកូនចៅខ្មែរទាំងអស់គ្នា។

លោក សែម សំណាង ដែលជាអគ្គនាយកសមាគមន៍សំឡេងជនពិការភ្នែក បានថ្លែងថា ខ្ញុំព្រះករុណា សូមសម្តែងនូវសេចក្តីរំភើបត្រេកអរ និងសូមថ្លែងអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទាន ដ៏ឧត្តុងឧត្តមនេះ។ ដើម្បីថ្វាយតបទៅ និងព្រះករុណាទិគុណដ៏ធំធេងរបស់សម្តេចព្រះមហាសង្ឃរាជ និងជាព្រះសកលវិទ្យាធិការ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា កូនចៅសូមថ្វាយព្រះសព្ទសាធុការពរ ថ្វាយសម្តេចព្រះមហាសង្ឃ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ បានប្រកបនូវព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៏ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ ដល់កូនចៅរបស់ព្រះអង្គជាដរាបតទៅ។

សូមបញ្ជាក់ជូនថា ព្រះរាជអំណោយ ដល់សមាគមន៍សំឡេងជនពិការភ្នែក ដែលរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ១០កេះ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អំបិល ៣០គីឡូ មី១០កេះ ទឹកដោះគោខាប់ ៥០កំប៉ុង ដែលជាទេយ្យវត្ថុរបស់ពុទ្ធបរិសាទថ្វាយ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលកន្លងទៅ៕