(អាមេរិក)៖ យានរុករកភពអង្គារ Curiosity Rover កង់ ៦ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការថតរូប Selfie បង្ហាញអំពីទេសភាពដ៏ស្រស់ស្អាតប្លែក ពីលើជួរភ្នំរបស់ភពអង្គារ ខណៈពេលដែលវាកំពុងបំពេញបេសកកម្មសិក្សាស្រាវជ្រាវ អំពីភពក្រហមនោះ។ នេះបើយោងតាម ប្រភពព័ត៌មានអវកាស Space ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
កន្លងទៅថ្មីនេះៗ យានរុករកភពអង្គារ Curiosity Rover បានថតរូប Selfie ចំនួន ៦០ សន្លឹក ខណៈពេលដែលយានកំពុងតែខួងថ្មដ៏ក្រាស់មួយក្នុង កំរាស់ ១៨០ ម៉ែត្រ នៅជើងភ្នំដែលមាន រយៈកំពស់រហូតដល់ ៥គីឡូម៉ែត្រ សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម អំពីភពអង្គារ។
ជាមួយគ្នានេះដែរ ការខួងថ្មដ៏ជ្រៅ របស់យានរុករកភពអង្គារ Curiosity Rover ដែលមានតម្លៃ ២៥០ លានដុល្លារ សហរដ្ឋអាមេរិកនេះ បានបង្ហាញឲ្យក្រុមអ្នកវិទ្យាសាស្រ្តឃើញថា កាលពីអតីតកាល តំបន់ជើងភ្នំនេះ គឺជាបឹងដ៏ធំមួយដែលមានសីតុណ្ហភាពក្តៅហើយសើម មិនខុសពីបឹងមួយចំនួន នៅលើភពផែនដីយើងនេះឡើយ។
ម្យ៉ាងវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានលើកឡើងដែរថា ការរកឃើញនេះ គឺជាសមិទ្ធផល ដ៏គាប់ប្រសើរមួយទៀតនៅក្នុងការបំពេញ បេសកកម្មនៅភពអង្គារនាឆ្នាំដំបូងនេះ ក៏ព្រោះតែការវិភាគ កន្លងមកបានឲ្យដឹងថា ភពអង្គារកាលពីរាប់រយរាប់ពាន់លានឆ្នាំមុន អាចលក្ខណៈច្រើន ដែលដូចផែនដី ដូចជាបរិយាកាសក្រាស់, មានទឹកលើផ្ទៃភព, និង អាចមានជីវិតផងដែរ៕