(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៦៥៦៤ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ សីហា វីរៈបុត្រ ភេទប្រុស និងជនត្រូវចោទចំនួន ៥នាក់ទៀត កំពុងគេចខ្លួនត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា២១៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីនេះបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ១ក្រុម បានយកខ្សែក្រវាំត់វាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសចំនួន ១នាក់។​ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ សីហា វីរះបុត្រ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕