(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា ដែលបានរៀបចំដោយគណៈគ្រូពេទ្យកម្ពុជា ក្នុងគោលបំណងកំណត់ថាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាទាំងអស់ ត្រូវតែប្រតិបត្តិការងារដោយគុណធម៌ស្របតាមអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលបានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីសម្រេចចក្ខុវិស័យនៃការបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អប្រកបដោយបរិយាបន្ន”។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យគណៈគ្រូពេទ្យកម្ពុជា ត្រូវផ្តួចផ្តើម និងចូលរួមក្នុងការចងក្រង ពិនិត្យឡើងវិញ និងអនុម័តលើលិខិតបទដ្ឋានគតិយុត្តនានា ដូចជាក្រមសីលធម៌ ក្របខ័ណ្ឌសមត្ថភាពស្នូល និយាមប្រតិបត្តិ និងលក្ខខណ្ឌតម្រូវសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត។ល។ ដែនកំណត់វិជ្ជាជីវៈ គឺជាបណ្តានីតិវិធី សកម្មភាព និងបែបបទ ដែលអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលអនុញ្ញាតឱ្យអនុវត្តក្នុងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ/អតិថិជន។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះណែនាំដល់គណៈគ្រូពេទ្យខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល តាមរយៈ៖
* ធ្វើបច្ចុប្បន្នភាពបុគ្គលទាំងឡាយដែលកំពុងផ្តល់សេវាវេជ្ជសាស្រ្តនៅកម្ពុជា និងជំរុញការចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ និងធានាថាអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់មានសុពលភាព។
* ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តខិតខំពង្រឹងជំនាញ និងចំណេះដឹងរបស់ខ្លួនជាប្រចាំ។
* គោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យបានពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់នូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
* ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងក្នុងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ និងផលប្រយោជន៍របស់សាធារណៈជន ក៏ដូចជាដើម្បីការពារកិត្តិយស និងកិត្យានុភាពរបស់គណៈគ្រូពេទ្យ៕