(ភ្នំពេញ)៖ លោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមានភាពឈានមុខលើវេទិការអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈវត្តមានរបស់ OHCHR និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ការវាយតម្លៃនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបលើកទី១ រវាងលោក និងទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានផ្តោតលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សិទ្ធិមនុស្សរវាងគ.ស.ម.ក. និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះលោក Dominic Williams និងសហការី និងបានគូសបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩។
ទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីតួនាទីសំខាន់ៗរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សដូចជា ការរៀបចំសរសេរ និងការការពាររបាយការណ៍សិទ្ធិ មនុស្សសម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ ការចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែង ឃុំឃាំង ការចុះអប់រំនិងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការទទួលពាក្យបណ្តឹង ការចុះស៊ើបអង្កេត និងការដោះស្រាយពាក្យបណ្តឹង ការជួយដល់កុមារតាមម្តាយនៅមន្ទីរឃុំឃាំង និងការងារសប្បុរសធម៌ផ្សេងៗ ព្រមទាំងការផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវីជាដើម។
លើសពីនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងអំពីការងារអាយឆា និងកិច្ចសហប្រតិបត្តិរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ក្នុងការងារសិទ្ធិមនុស្សរួមមានប្រទេសជប៉ុន កាណាដា ស៊ុយអែត អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ព្រមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងកិច្ចជំនួបនេះ លោក Dominic Williams បានលើកឡើងអំពីវិស័យមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតប្រទេស អង់គ្លេស ដូចជាការអភិវឌ្ឍផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ការអនុវត្តអនុសាសន៍ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ ជុំទី៤ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងលំហនៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដែលក្នុងនោះលោកក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ផងដែរ។
ឆ្លៀតក្នុងឱកាសនេះទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីធ្វើកុបកម្ម ឆ្នាំ២០១៣ នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា។
ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និងបានអញ្ជើញឯកអគ្គរាជទូតចូលរួមផងដែរ។ ទន្ទឹមនេះស្ថាប័នទាំងពីរ បានចាត់តាំងជនបង្គោលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារលើកកម្ពស់ និងការពារសិទ្ធិមនុស្ស៕