(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសិស្សវិទ្យាល័យបឹងត្របែក និងបក្ខពួក២នាក់ទៀត បានធ្វើសកម្មភាពឆប់កាបូបដៃ ពីស្ដ្រីម្នាក់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ នៅមុខផ្ទះលេខ៣៦ ផ្លូវ៩៩ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំង នគរបាលដេញតាមបង្ក្រាប និងចាប់ខ្លួន ខណៈបក្ខពួកទាំង២នាក់នោះ បានរត់គេចខ្លួនបាត់។
មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបដៃ ពីជនរងគ្រោះដែលកំពុងជិះម៉ូតូ ជាមួយប្តី បានសម្រេច ប៉ុន្តែពេលបើកគេចនោះក៏ជ្រុល ទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យដួលជ្រុះកាបូប ហើយត្រូវបាននគរបាល ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពិសិដ្ឋ ជាសិស្សវិទ្យាល័យបឹងត្របែក រួមនឹងម៉ូតូជិះធ្វើសកម្មភាព ម៉ាក Honda C125 ព័ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-9090 ព្រមទាំងដកហូតកាបូបជនរងគ្រោះ មកវិញផងដែរ ដែលក្នុងនោះមានលុយ១០ដុល្លារ ទូរស័ព្ទចុចពិល មួយគ្រឿង ចំណែកពីរនាក់ទៀតគេចខ្លួនរួចបាត់។
មន្ដ្រីដដែលបានបន្ថែមថា បើតាមចម្លើយសារភាព ពីជនសង្ស័យបានឲ្យដឹងថា បក្ខពួកដែលរត់គេចខ្លួនទាំង២នាក់ ទី១-ឈ្មោះ វង្ស ស៊ីថា អាយុ១៥ឆ្នាំ ជាអ្នកឆក់ និងទី២-ឈ្មោះ ចិន អាយុ១៩ឆ្នាំ ជាអ្នកជិះម៉ូតូបិទគូថ។ ចំណែកជនរងគ្រោះឈ្មោះ មុត ចន្ថា អាយុ៦១ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២០៧បេ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ដើម្បីស្រាវជ្រាវ រកបក្ខពួកដែលរត់គេចខ្លួន យកផ្ដន្ទាទោស តាមច្បាប់៕