(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែតុលានេះ បានបានចុះទស្សនកិច្ច សួរសុខទុក្ខអ្នកជំងឺសំរាកពេទ្យ និងមន្ត្រី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
នៅក្នុងឱកាសទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ដល់បងប្អូនជាមន្ត្រី និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងខិតខំប្រឹងប្រែងពិនិត្យព្យាបាលជូន ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយវិជ្ជាជីវ:ខ្ពស់។ ដោយសារការខិតខំរបស់បងប្អូននេះហើយទើប មន្ទីរពេទ្យនេះ ក្លាយជាមន្ទីរពេទ្យដែលមានសកម្មភាពយ៉ាងមមាញឹក ក្នុងការព្យាបាលជូនអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និង ស្រ្តីសំរាលកូន។
ក្រោយពីបានសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសំរាកពេទ្យរួច លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើ សុំឲ្យបងប្អូនជាមន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់មេត្តាបន្តខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួនថែមទៀត ដើម្បីបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យកាន់ តែមានភាពប្រសើរឡើងថែមទៀត៕