តាមពិត Yahoo! បានលួចឆែកអ៊ីមែលអតិថិជនរបស់ខ្លួន តាមសំណើរបស់ NSA និង FBI
05-10-2016 14:53
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Yahoo! បានបង្កើត និង លួចតម្លើងដោយសម្ងាត់នូវកម្មវិធីព័ត៌មានវិទ្យា មួយកាលពីឆ្នាំ២០១៥ ដើម្បីស៊ើបការណ៍សម្ងាត់លើ សារអេឡិចត្រូនិចឬ Email អតិថិជនរបស់ខ្លួន តាមការស្នើសុំពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA និង ក្រុមស៊ើបអង្កេតសហព័ន្ធ FBI។ នេះបើ យោងតាមការបង្ហើបឲ្យដឹងដោយ អតីតបុគ្គលិកពីរនាក់របស់ក្រុមហ៊ុន Yahoo! ដែលចុះផ្សាយដោយសារព័ត៌មាន Euronews នៅរសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលបានប្រាប់សារព័ត៌មាន Reuters ថាក្រុមហ៊ុន Yahoo! បាន យល់ព្រមទទួលយក សំណើរបស់អាជ្ញាធរអាមេរិក ក្នុងការស្កែន Email រាប់រយលាននៃអតិថិជនរបស់ខ្លួន។ ប៉ុន្តែស្របពេល ជាមួយគ្នា អតីតបុគ្គលិក Yahoo!ទាំងពីរនាក់នេះ មិនបានបញ្ជាក់ថា តើទិន្នន័យ ឬពាក្យសម្ងាត់អ្វី ដែលអាជ្ញាធរអាមេរិកចង់ បាននោះឡើយ។ ចំណែកឯ ក្រុមហ៊ុន Yahoo បានបដិសេធឆ្លើយសំណួរ អ្នកសារព័ត៌មានហើយអះអាងថា ខ្លួនគឺជាក្រុមហ៊ុនមួយដែលគោរពតាមច្បាប់សហរដ្ឋអាមេរិក៕