(ភ្នំពេញ)៖ លោក អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកទ្រទ្រង់ ប្រតិបត្តិការរក្សាសន្តិភាព បានផ្ញើសារលិខិតជូន លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ដោយចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ មរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលត្រូវស្វាមីរបស់លោកជំទាវ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ, លោក អាទល់ ខារ៉េ (Atul KHARE) បានថ្លែងថាយ៉ាងដូច្នេះថា៖ ខ្ញុំ មានការសោកស្ដាយជាខ្លាំង ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អតីតអគ្គនាយកមជ្ឈមណ្ឌលជាតិ នៃកងកម្លាំងរក្សាសន្តិភាព មីន និងបោសសម្អាតមីន (NPMEC)។ ខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះភរិយានាយឧត្តសេនីយ៍ លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ព្រមទាំងសហការី NPMEC ក៏ដូចជាអ្នកដែលគោរពស្រលាញ់រូបលោក។

ខ្ញុំ ធ្លាប់បានជួបនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅក្នុងឱកាសមួយចំនួន រួមទាំងថ្មីៗនេះ ក្នុងពេលដែលខ្ញុំមកកាន់ប្រទេសកម្ពុជា។ នាយឧត្តមសេនីយ បានដើរតួនាទីសំខាន់ណាស់ ក្នុងការរៀបចំកិច្ចប្រជុំជាមួយខ្ញុំ និងកិច្ចប្រជុំរបស់ខ្ញុំ ជាមួយថ្នាក់ដឹកនាំកម្ពុជាដទៃទៀត។

ខ្ញុំតែងតែស្ងើចសរសើរយ៉ាងខ្លាំង ចំពោះការលះបង់របស់នាយឧត្តមសេនីយ៍ និងការចូលរួមធ្វើឱ្យកម្ពុជា និងស្ថាប័ន NPMEC ក្លាយជាដៃគូដ៏សំខាន់ ក្នុងកិច្ចការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ តាមរយៈការបណ្តុះបណ្តាល និងការដាក់ពង្រាយកងកម្លាំង។

កិច្ចសន្ទនារបស់យើងកន្លងមក បានគ្របដណ្តប់លើប្រធានបទផ្សេងៗ រាប់ចាប់ពីការរួមចំណែករបស់កងកម្លាំងកម្ពុជា ក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រហូតដល់ការដោះស្រាយចំណុចខ្វះខាត ជុំវិញការបណ្តុះបណ្តាល តាមរយៈកម្មវិធីភាពជាដៃគូត្រីកោណ (TPP) ដែលកម្ពុជាជាដៃគូដ៏សំខាន់ តាំងពីឆ្នាំ ២០១៨។

ការដឹកនាំរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានសារៈប្រយោជន៍ ក្នុងការរៀបចំបទដ្ឋាននៃ TPP នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកផ្ទាល់បានចូលរួមក្នុងសិក្ខាសាលា ជាមួយអ្នកពាក់ព័ន្ធនឹង TPP ចំនួនពីរលើកចុងក្រោយ ដោយបានផ្លាស់ប្តូរយោបល់គ្នា អំពីសារៈសំខាន់នៃការបណ្តុះបណ្តាលកងរក្សាសន្តិភាព នាពេលអនាគត។

លោកក៏បានចូលរួមដោយផ្ទាល់ផងដែរ នៅក្នុងផែនការហ្វឹកហ្វឺន TPP ដែលគ្រោងឡើងជាវគ្គហ្វឹកហ្វឺនពហុជាតិ និងពហុសសរស្តម្ភ លើកដំបូង ក្រោមឆន្ទៈពង្រឹងឥទ្ធិពលកម្ពុជា នៅក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ ការរួមចំណែកជាច្រើន របស់នាយឧត្តមសេនីយ៍ និងការចូលរួមផ្ទាល់ខ្លួន គឺជាសក្ខីភាពពិតប្រាកដមួយ នៃភាពជាអ្នកដឹកនាំដ៏វិសេស និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ»៕