(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ
បានសំណេះសំណាល និងបំពាក់ឋានន្តរសក្តិនិងគ្រឿងឥស្សរិយយស ជូនយោធិនសោធននិវត្តន៍ ឆ្នាំ២០២៤ ដើម្បីជាកិច្ចតបស្នងចំពោះគុណបំណាច់ ដែលពួកគេបានបំពេញជូនជាតិកន្លងមក។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅមូលដ្ឋានកងទ័ពជើងអាកាសក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សឹង សំណាង ដោយមានការអញ្ជើញចូមរួមពី លោកវរសេនីយ៍ឯក ហាក់ សីលា នាយរងការិយាល័យបុគ្គលិក លោកឧត្តមសេនីយ៍ត្រី គឹម ចាន់ថុល លោកវរសេនីយ៍ឯក គឹម ណារិន នាយការិយាល័យបុគ្គលិក ព្រមទាំងនាយទាហានចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាសជាង២០០នាក់ រួមនិងយោធិនចូលនិវត្តន៍ចំនួន ៣៤នាក់។
នាយឧត្តមសេនីយ៍ សឹង សំណាង បានសម្ដែងនូវមនោសញ្ចេតនា រំភើបរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយយោធិនកងទ័ពជើងអាកាស ដែលត្រូវដាក់ឱ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៤នេះ ស្របពេលដែលប្រទេសជាតិយើងទាំងមូលកំពុងមានការរីកចម្រើន ហើយប្រជាជាតិទាំងមូលទទួលបាននូវសុខសន្តិភាព និងស្ថិរភាពសង្គមពេញលេញ ដែលជាបំណង ប្រាថ្នារបស់ប្រជាជនគ្រប់ៗរូប។ សមិទ្ធផលទាំងនេះ បានកើតមានឡើងនាពេលបច្ចុប្បន្ន គឺអាស្រ័យដោយ មានការដឹកនាំដ៏ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានបញ្ជាក់ពីប្រការទាំងឡាយដែលមានចែងក្នុងអនុក្រឹត្យ លេខ១១៥ អនក្រ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៦ ស្តីពីការអនុវត្តរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ គឺយោធិនគ្រប់រូបត្រូវតែចូលនិវត្តន៍ នៅពេលដែលយោធិនទាំងនោះដល់អាយុដែលបានកំណត់ក្នុងច្បាប់។ ក៏ប៉ុន្តែដើម្បីអនុវត្តច្បាប់សោធននិវត្តន៍ ក្នុងកងយោធពលខេមរភូមិន្ទ ឱ្យទទួលបានលទ្ធផល ប្រកបដោយតម្លាភាព និងឆ្លើយតបបានទៅនឹង សភាពការណ៍ភារកិច្ចទូទៅ ទាំងក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ការកសាងពង្រឹងកម្លាំងការពារជាតិ ការថែរក្សារឹងមាំ ស្ថិរភាព សន្តិភាពរបស់ប្រទេសជាតិ រួមចំណែកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាតិ ក៏ដូចជាក្នុងទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ ចិត្តសាស្ត្រសង្គម។ល។ដូច្នេះ ការអនុវត្តច្បាប់សោធននិវត្តន៍ ចំពោះយោធិននៃកងយោពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ននេះ ចាំបាច់ត្រូវអនុវត្តឱ្យបានសមស្រប ជាពិសេស ចំពោះនាយទាហានជាកម្លាំងដែលយើងបានកសាងដោយលំបាក តាំងពីថ្នាក់ក្រោម រហូតដល់អ្នកខ្លះក្លាយ ជាថ្នាក់ដឹកនាំ និងជានាយទាហានសំខាន់ប្រកបដោយគុណតម្លៃ និងគុណបំណាច់ថ្លៃថ្លាចំពោះជាតិ មាតុភូមិ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ រក្សាចាស់ បង្កើនថ្មី ដែលជា គោលនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងកងកម្លាំងទាំងថ្មី ទាំងចាស់។
ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្ថែមថា កំណត់លក្ខខណ្ឌនាយទាហានដែលត្រូវចូលនិវត្តន៍មុន និងអ្នកដែលត្រូវរក្សាបន្ត គឺត្រូវបានកំណត់ដោយសេចក្តីណែនាំរបស់ក្រសួងការពារជាតិលេខ ០០៣.សណន/២០១៩ បានសេចក្តីថានាយទាហានដល់អាយុ ចូលនិវត្តន៍តាមច្បាប់កំណត់ ត្រូវដាក់ឱ្យចូលនិវត្តន៍ ប៉ុន្តែមានលក្ខខណ្ឌមួយចំនួនដែលត្រូវរក្សាបន្តមិនទាន់ឱ្យចូលនិវត្តន៍។
ការដាក់ឱ្យចូលនិវត្តន៍ចំពោះនាយទាហានដែលមានលក្ខណៈដូចខាងក្រោម៖
* អ្នកដែលដល់អាយុចូលនិវត្តន៍ តាមច្បាប់កំណត់
* អ្នកដែលមានសុខភាពទ្រុឌទ្រោម
* អ្នកដែលបាត់បង់សមត្ថភាពការងារ
* សាមីខ្លួនស្នើសុំដាក់ចូលនិវត្តន៍
* ការអនុញ្ញាតឱ្យនាយទាហានទទួលបានការរក្សាបន្ត៖
* អ្នកដែលមានសុខភាពល្អ កាយសម្បទារឹងមាំ
* អ្នកដែលមានជំនាញ ឯកទេស និងបទពិសោធន៍ការងារដែលបានបណ្តុះបណ្តាលរយៈពេលវែង
* អ្នកដែលកំពុងអនុវត្តភារកិច្ចតាមសំណូមពរចាំបាច់បំផុត
បន្ថែមពីនេះទៀត នាយឧត្តមសេនីយ៍ ក៏សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះគុណបំណាច់នៃការខិតខំប្រឹងប្រែងកន្លងមក ក្នុងការបំពេញភារកិច្ច និងពលីកម្មគ្រប់បែបបយ៉ាងរបស់បងប្អូន ជានាយទាហាន នាយទាហានរង ដែលកន្លងមកបានបម្រើកិច្ចការងារជាយោធិន នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និយាយដោយឡែក ជានាយទាហានសកម្មនៃកងទ័ពជើងអាកាស ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង។ លោក លោកស្រីទាំងអស់ គឺជាយុទ្ធមិត្តដែលមានឆន្ទៈប្រយុទ្ធខ្ពស់ ជាយុទ្ធមិត្តដែលបានលះបង់សាច់ ឈាមស្រស់ ជូនជាតិ មាតុភូមិរបស់យើងនៅពេលដែលលោក លោកស្រីកំពុងតែមានកម្លាំងពោរពេញទៅ ដោយថាមពលគុណូបការៈរបស់លោក លោកស្រីដែលជានិវត្តន៍ជននាពេលនេះ គឺស្ថិតនៅក្នុងការចងចាំជានិច្ច និងជារៀងរហូតរបស់យុទ្ធមិត្ត និងនាយទាហានបន្តវេនជំនាន់ក្រោយៗ។
ជាថ្មីម្ដងទៀត នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានធ្វើការផ្តាំផ្ញើមួយចំនួន ដូចខាងក្រោម៖
១៖ ត្រូវគោរពច្បាប់នានារបស់រដ្ឋ ពង្រឹងអត្តចរិត សិលធម៌រស់នៅឲ្យបានស្អាតស្អំ ដូចពេលដែល យើងកំពុងនៅបម្រើក្នុងកងទ័ពយ៉ាងដូច្នោះ។
២៖ ត្រូវជឿជាក់ដោយឥតងាករេលើការដឹកនាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
៣៖ ត្រូវយកចិត្តទុកដាក់ក្នុងការវិនិច្ឆ័យគ្រប់ព័ត៌មាន ទាំងក្នុងបណ្តាញសង្គម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវពិចារណារកហេតុផលឱ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តណាមួយទៅលើព័ត៌មានទាំងនោះ ដើម្បីជៀសផុតពីកំហុសឆ្គង។
៤៖ ត្រូវចេះទំនាក់ទំនងល្អជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយត្រូវចូលរួមក្នុងរាល់សកម្មភាពនានា ដែលរដ្ឋអំណាចបានកំណត់។
៥៖ ត្រូវក្តាប់ឲ្យបាន រាល់កង្វល់ និងសំណូមពរផ្សេងៗរបស់ប្រជាជន និងផ្តល់ជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីមុខការ។
៦៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពពីការឆ្លងជំងឺផ្សេងៗ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល។
៧៖ ក្រោយពេលចាកចេញពីការគ្រប់គ្រងរបស់អង្គភាព សូមឯកឧត្តម អស់លោក លោកស្រីទៅទំនាក់ ទំនងជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ក្រុង ដែលឯកឧត្តម អស់លោក លោកស្រីទៅស្នាក់នៅ ដើម្បីបំពេញសំណុំលិខិត ទទួលប្រាក់សោធននិវត្តន៍៕