Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ប្រកាសសងសឹកដោយអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសណាដែល «ថ្លើមធំ» ហ៊ានវាយប្រហារទីក្រុងព្យុងយ៉ាង

05-10-2016 14:49

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើការវាយប្រហារដោយគ្មានអាណិតអាសូរ ប្រឆាំងទៅនឹង សហរដ្ឋអាមេរិក ប្រសិនបើប្រទេសមហាអំណាចមួយនេះ ហ៊ានរៀបចំបើកការវាយលុកដោយ អាវុធនុយក្លេអ៊ែរមកលើកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀល ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

ការព្រមានបែបនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹង សមយុទ្ធយោធាជើងទឹករួមគ្នាមួយរវាង កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន នៅសមុទ្រជប៉ុន ក្នុងគោលបំណងតំឡើងសាច់ដុំដាក់កូរ៉េខាងជើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ សារព័ត៌មានរដ្ឋ The Rodong Sinmun របស់កូរ៉េខាងជើង បានធ្វើការថ្កោលទោសសមយុទ្ធយោធា របស់ប្រជាជាតិទាំងពីរ ដោយបានចាត់ទុកទង្វើនេះថា «ជាការរៀបចំទុកជាមុន ដើម្បីបើកការវាយប្រហារដោយអាវុធ នុយក្លេអ៊ែរ មកលើប្រទេសកូរ៉េខាងជើង»។

សារព័ត៌មានដដែលបានគំរាមថា «ប្រសិនបើអ្នកឈ្លានពាន និងអ្នករករឿងបង្កហេតុណាថ្លើមធំហ៊ាន បើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរមកលើកូរ៉េខាងជើង ពួកគេនឹងមិនអាចគេចរួចផុត ពីការវាយប្រហារសងសឹក ដោយអាវុធនុយក្លេអ៊ែរតបតទៅវិញបាននោះឡើយ»។

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូង មិនធ្លាប់បានជួបពិភាក្សាជាមួយអាមេរិក អំពីការបើកការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរណាមួយ ទៅលើកូរ៉េខាងជើងនោះឡើយ៕