(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទស្សនកិច្ចត្រួតពិនិត្យ និងសួរសុខទុក្ខមន្ត្រី និង បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច នៅកន្លែងត្រួតពិនិត្យចត្តាឡីសក័ នៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្វែងយល់អំពីស្ថានភាព ត្រួតពិនិត្យចត្តាឡីសក័ នៅច្រកព្រំដែនអន្តរជាតិ ខាងប្រទេសថៃផងដែរ។
នៅក្នុងឱកាសទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់បងប្អូនជាមន្ត្រី និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងខិតខំបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងមានភាពទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសំណូមពរឲ្យបងប្អូនជាមន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសមន្ត្រីបំរើការ នៅកន្លែងត្រួតពិនិត្យចត្តាឡីសក័ នៅតាមច្រកព្រំដែនអន្តរជាតិទាំងអស់មេត្តាបន្តខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួនបន្តទៀត ដើម្បីចូលរួមបង្ការនិងទប់ស្កាត់កុំឲ្យជំងឺ Zika រាលដាលមកកម្ពុជា៕