(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ត្រឹមឆ្នាំ២០២៣ ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន, ក្រសួងរ៉ែនិងថាមពល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ, ព្រមទាំងដៃគូអភិវឌ្ឍន៍និងវិស័យឯកជនមកពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, មូលនិធិរូបិយវត្ថុអន្តរជាតិ, គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, គម្រោង EU-GATE (European Union’s Global Access to Trade Expertise), ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, សភាពាណិជ្ជកម្មកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា និងសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា។

បណ្ឌិត គុណ ញឹម បានជម្រាបជូនអង្គសិក្ខាសាលាថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ (Time Release Study-TRS) ត្រូវធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀង ស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងក្របខណ្ឌអាស៊ាន ដើម្បីវាស់វែងពីប្រសិទ្ធភាពនៃការអនុវត្ដនីតិវិធីប្រតិបត្ដិ ក្នុងការចេញអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ របស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងការចូលរួមចំណែករបស់វិស័យឯកជន ពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញ។

ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ មានគោលបំណងរកឱ្យឃើញនូវចំណុចរាំងស្ទះ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយ តាមរយៈការប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្ដបន្ដ។

ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤នេះ រៀបចំឡើងដោយប្រមូលទិន្នន័យ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបូកសរុបដោយប្រើប្រាស់ Software របស់អង្គការគយពិភពលោក (WCO Software)។

ការសិក្សានេះ គាំទ្រទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារបរិក្ខារដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋបាលគយជប៉ុន និងផ្ដល់ធាតុចូលបន្ថែមដោយមូលនិធិរូបិយវត្ថុអន្តរជាតិ និងគម្រោង EU-GATE។

បណ្ឌិត គុណ ញឹម បានលើកទឹកចិត្ត និងជំរុញសមាជិក-សមាជិកា នៃអង្គសិក្ខាសាលាដែលបានចូលរួម ផ្ដល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុស លើលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ លើកទី៤ ត្រឹមឆ្នាំ២០២៣ និងយកវិធានការ ដែលបានដាក់ចេញក្នុងអង្គសិក្ខាសាលា ទៅអនុវត្ដឱ្យបានពេញលេញ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀត ស្របតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

បណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, មូលនិធិរូបិយវត្ថុអន្តរជាតិ , គម្រោង EU Gate និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលផ្ដល់ការគាំទ្រ និងសហការរៀបចំរបាយការណ៍លទ្ធផលនៃសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញលើកទី៤ ដោយទទួលបានលទ្ធផលផ្លែផ្កាជាទីមោទន៕