(ភ្នំពេញ)៖ ធនាគារពិភពលោក (WB) នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បានរៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញពីការព្យាករណ៍កំណើន សេដ្ឋកិច្ចនៅកម្ពុជា ដោយអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើង៧ភាគរយ នៅឆ្នាំ២០១៦ ខណៈនៅក្នុងឆ្នាំ២០១៧-២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងកើនចំនួន៦.៩ភាគរយ។
របាយការណ៍ការណ៍ ដែលចេញផ្សាយដោយ ធនាគារពិភពលោក បានឲ្យដឹងថា ការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជានេះ ដោយសារមានការជម្រុញដោយការនាំចេញ ភាពរីកចម្រើនវិស័យសំណង់ និងការចំណាយប្រើប្រាស់របស់រដ្ឋាភិបាល។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ហានិភ័យដែលអាចកើតមាន គឺការបោះឆ្នោតក្នុងពេលខាងមុខ ឥទ្ធិពលអវិជ្ជមានពីកំណើនអត្រាការប្រាក់សហរដ្ឋអាមេរិក និងការថយចុះ នៃកំណើនរបស់សេដ្ឋកិច្ចពិភពលោក។
របាយការណ៍ធនាគារពិភពលោក បានលើកឡើងថា ត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា បានកើនឡើងយ៉ាងខ្លាំងក្នុងកម្រិត ១០.៥ ភាគរយបើប្រធៀបនឹង៧.៨ភាគរយឆ្នាំមុន រយៈពេលដូចគ្នា។ និន្នាការនេះទ្រទ្រង់ដោយទំនាក់ទំនងឧស្សាហកម្ម ដែលមានស្ថិរភាពតាមរយៈការបញ្ជូលការបោគក់ ការប៉ាក់ឌិន និងការបោះពុម្ព ដើម្បីបន្ថែមតម្លៃនិងតាមរយៈការងើបឡើងវិញខ្លះៗនៃតំបន់អឺរ៉ុប។
ធនាគារពិភពលោក បានឲ្យដឹងទៀតថា ចំណង់ចំណូលចិត្តរបស់វិនិយោគិន ក្នុងវិស័យសំណង់នៅមានជាបន្ត ជាមួយនឹងការអនុម័ត លើគម្រោងដែលមានទឹកកើនឡើដល់ ៦.៨ពាន់លានដុល្លារអាមេរិក ត្រឹមពាក់កណ្ដាលឆ្នាំ២០១៦។
ជាមួយគ្នានេះ ធនាគារពិភពលោកអះអាងថា សម្រាប់ឆ្នាំ២០១៧ និង ២០១៨ សេដ្ឋកិច្ចរបស់កម្ពុជា នឹងកំណើនមានកម្រិត ៦.៩ភាគរយ៕
ព័ត៌មានលម្អិតសូមអានរបាយការណ៍ របស់ធនាគារពិភពលោកទាំស្រុង៖