(ស្ទឹងត្រែង)៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ឡោះ ម៉ាន អនុរដ្ឋលេខាធិការ តំណាងលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីមន្ត្រីជំនាញជាច្រើនទៀត។

នាឱកាសនោះលោក សរ សុពុត្រា បានថ្លែងថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ គឺមានគោលនៅរៀបចំទីក្រុងការងាររៀបចំប្លង់គោល​ប្រើប្រាស់ដី​រាជធានី-ខេត្ត និងផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ដើម្បីការអនុវត្តការប្រើប្រាស់ដីអោយចំទិសដៅ និងមានប្រសិទ្ធភាព ដោយផ្អែកលើបទប្បញ្ញត្តិជាច្រើននៅកម្ពុជា។

លោកអភិបាលខេត្ត បានបន្ត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងផ្នែកលើ​គោលនយោបាយវិឌ្ឍការ និងវិសហមជ្ឈការ និងគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដី ការងាររៀបចំដែនដី និងនគរូបនីយកម្ម ត្រូវបានជំរុញ និងលើកកំពស់ការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅធានាការប្រើប្រាស់ដីការអភិវឌ្ឍន៍ដី និងការគ្រប់គ្រងដីតាមផែនការរៀបចំដី និងផែនការប្រើប្រាស់ដី ប្រកបដោយសមធម៌ សមភាពយេនឌ័រ ព្រមទាំងការពារ និងគាំទ្រដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបអោយបានត្រឹមត្រូវមានប្រសិទ្ធភាព និងស្របតាមល្បឿននៃការ អភិវឌ្ឍន៍ខេត្ត ប្រទេសជាតិ និងកំណើនប្រជាជនក្នុងខេត្ត ។

បន្ថែមពីលោក សរ សុពុត្រា បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ចូលរួមសហការជាមួយមន្ទីរជំនាញ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាសាធារណៈជូនដល់​ប្រជាពលរដ្ឋឲ្យកាន់តែ​មានប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត ជូនដល់ប្រជាពលរដ្ឋ។

ជាចុងក្រោយលោកអភិបាលខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្តស្ទឹងត្រែង ដែលជាសេនាធិការឲ្យក្រសួងរៀបចំដែនដី ក្នុងការអនុវត្តន៍កិច្ចប្រជុំចុះបញ្ជីក្បាលដីរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានកន្លងទទួលបានលទ្ធផលផ្លែផ្កា គួរគត់សម្គាល់ ៕