(សៀមរាប)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) នៅកម្ពុជា (2024 Scientific Days of the ANRS MIE Partner Site in Cambodia)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យបណ្ឌិត អ្នកស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប ចូលរួមដោយផ្ទាល់សរុប ១៣០នាក់ មកពី៦ ប្រទេស៖ កម្ពុជា បារាំង ស្វីស សឹង្ហបុរី ថៃ វៀតណាម និងមាន ៣៣៨ នាក់ចូលរួមតាមប្រពន្ធ័ Zoom មកពី ១៣ប្រទេស ពីតំបន់អាស៊ី អឺរ៉ុប អាហ្រិ្វក និងអាមេរិក។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំរៀបចំឲ្យមានទិវាវិទ្យាសាស្រ្តនេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកស្រាវជ្រាវទាំងក្នុងប្រទេស និងក្រៅ ប្រទេស បានជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្រ្តថ្មីៗ ស្តីពីស្ថានភាពអេពីដេមីសាស្រ្ត វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ព្យាបាល និង បង្ការ ជំងឺអេដស៍ រលាកថ្លើម របេង ជំងឺ Mpox និង ជំងឺឆ្លងផ្សេងៗទៀតដែលកើតមានឡើងលើសាកលលោក។

ជាមួយគ្នានោះលោកសាស្រ្តាចារ្យ Yazdan Yazdanpanah នាយកភ្នាក់ងារ ANRS MIE ក៏បានប្រកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ទាក់ទងនឹងមេរោគអេដស៍ ជំងឺរលាកថ្លើម ជំងឺរបេង និងជំងឺឆ្លង។

លោកស្រីសាស្រ្តាចារ្យ François Barré-Sinoussi ជ័យលាភីណូបែលវេជ្ជសាស្រ្ត (the 2008 Nobel Prize in Medicine) បានក៏បានសម្តែងនូវក្តីរីករាយដែលបានត្រឡប់មកប្រទេសកម្ពុជាម្តងទៀត។

លោកស្រីសាស្រ្តាចារ្យបានកំណត់សំគាល់ពីភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេលជិតបីទសវត្សរ៍ ដែលនាំឱ្យជោគជ័យផ្នែកវិទ្យាសាស្ត្រដ៏គួរឱ្យកត់សម្គាល់លើមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺរបេង។

ក្បុងឳកាសនោះដែរ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានកំណត់សំគាល់ ទិវាវិទ្យាសាស្ត្រនេះថា គឺជាឱកាសដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីគ្រប់ផ្នែកនៃសុខភាពសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺឆ្លង។ លោកបានបង្ហាញពីមោទនភាពដែលឃើញថា ANRS គឺជាកាតាលីករនៃការស្រាវជ្រាវសហការគ្នានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងទិវាវិទ្យាសាស្ត្រនេះផងដែរ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបន្តពង្រឹង និងពង្រីកការងារស្រាវជ្រាវនវានុវត្តន៍បន្ថែមទៀត ជាពិសេសការស្រាវជ្រាវលើជំងឺឆ្លង ជំងឺមិនឆ្លង និងការស្រាវជ្រាវលើប្រព័ន្ធសុខាភិបាល និងគាំពារសង្គម ព្រោះការរៀន និងបង្រៀនត្រូវតែផ្សារភ្ជាប់ដាច់ខាតជាមួយនឹងការស្រាវជ្រាវនវានុវត្តន៍ ដែលជាមូលដ្ឋានភស្តុតាងវិទ្យាសាស្រ្ត។

តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានឲ្យដឹងថា ព្រឹត្តិការណ៍វិទ្យាសាស្រ្តដ៏សំខាន់ ដែលត្រូវបានរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយស្ថានទូតបារាំងនៅកម្ពុជា ភ្នាក់ងារ ANRS MIE និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាពេលនេះ គឺមានតំណាងមកពីស្ថាប័នដៃគូសហប្រតិបត្តិការសំខាន់ៗចូលរួមរួមមាន Inserm, IRD, Pasteur Institute, CIRAD, Initiative and Expertise France, Fondation MERIEUX រួមទាំងវត្តមានស្ថាប័នអន្តរជាតិអង្គការសុខភាពពិភពលោក (WHO) និងUNAIDS។

ទិវាក្នុងរយ:ពេល២ថ្ងៃនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ២៩ រូប នឹងធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើប្រធានបទនៃការស្រាវជ្រាវ ដោយផ្តោតជាសំខាន់លើ Hepatitis, Sexually Transmitted Infection and Human Papillomavirus, HIV , Emerging Infectious Diseases, Tuberculosis និង One Health។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ៕