(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ បានចាប់ផ្តើមហើយនារសៀលថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន និងលោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។

កិច្ចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ​មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។

សូមបញ្ជាក់ថា ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partnership) ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ (Dialogue Dartnership) ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕