(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើង ដែលបានប្រើប្រាស់ដៃជើង និងខ្សែក្រវាត់ ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់បណ្ដាលរងរបួសបែកក្បាលផ្នែកខាងក្រោយ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមានគ្នាចំនួន០៦នាក់ បានប្រើប្រាស់ដៃជើង និងខ្សែក្រវាត់ ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់បណ្ដាលរងរបួសបែកក្បាលផ្នែកខាងក្រោយ នៅចំណុចបណ្តោយផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង១០នាទី រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សីហា វីរៈបុត ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួក ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវបេតុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕