(សៀមរាប)៖ ឆ្មាំ ពលករ និងភ្នាក់ងារទេសចរណ៍ មកពីនាយកដ្ឋាននានា និងអង្គភាពចំណុះ នៃអាជ្ញាធរជាតិអប្សរាទាំងអស់ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ទទួលបានអង្ករពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ ដែលមានទីតាំងនៅភូមិមណ្ឌល៣ សង្កាត់ស្លកា្រម ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រហ្ម សំអ៊ាន អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានទិញអង្ករចំនួន១៣តោន ចែកជូនដល់ឆ្មាំពលករ និងភ្នាក់ងារទេសចរណ៍ចំនួន១,៣៣៧នាក់ ដែលមកពីនាយកដ្ឋានផ្សេងៗ និងអង្គភាពចំណុះ នៃអាជ្ញាធរជាតិអប្សរាទាំងអស់ដោយម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម។
លោកបន្ដថា ការចែកអង្ករជូនដល់ ឆ្មាំ ពលករ និងភ្នាក់ងារទេសចរណ៍ទាំងអស់ ដើម្បីលើកទឹកចិត្តចំពោះពួកគាត់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ក្នុងការថែរក្សា ការពារតំបន់បេតិកភណ្ឌជាតិ និងពិភពលោក ក៏ដូចជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលដែលបានអំពាវនាវ ឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមទិញអង្ករខ្មែរ ដើម្បីសម្រាលបន្ទុករបស់ប្រជាកសិករផងដែរ។
ជាមួយគ្នានោះដែរ ឆ្មាំ កម្មករ ពលករ និងភ្នាក់ងារទេសចរណ៍ទាំងអស់ បានសម្តែងនូវសេចក្តីរំភើបត្រេកអរសប្បាយរីករាយ ដែលបានទទួលអំណោយ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ហើយសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអាជា្ញធរជាតិអប្សរាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ឆ្មាំ កម្មករ ពលករ និងភ្នាក់ងារទេសចរណ៍ ជាពិសេស សូមជូនពរឲ្យ ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី លោកអគ្គនាយក អគ្គនាយករង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំទាំងអស់ ជួបប្រទះតែសេចក្តីសុខចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕